សុភាសិត 19
19
1ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់
វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង
និងចិត្តល្ងីល្ងើ។
2មួយទៀត ការដែលចិត្តឥតមានចំណេះ
នោះមិនគួរគប្បីទេ
ហើយអ្នកណាដែលរហ័សឈានទៅ
នោះជ្រួសផ្លូវហើយ។
3សេចក្ដីចម្កួតរបស់មនុស្ស
រមែងបង្ខូចផ្លូវរបស់ខ្លួន
ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។
4ការដែលមានទ្រព្យសម្បត្តិ
នាំឲ្យមានមិត្តភក្តិកើនឡើង
តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។
5សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ
ហើយអ្នកណាដែលពោលពាក្យកុហក
ក៏គេចមិនរួចដែរ។
6មនុស្សជាច្រើនខំយកចិត្តមនុស្សសទ្ធា
ហើយអ្នកណាក៏ដោយ
ក៏ជាមិត្តសម្លាញ់នឹងអ្នក
ដែលចែកអំណោយទានដែរ។
7មនុស្សក្រីក្រ
សុទ្ធតែត្រូវបងប្អូនទាំងអស់ស្អប់ទៅហើយ
នោះចំណង់បើមិត្តភក្តិ
តើនឹងឃ្លាតឆ្ងាយពីអ្នកនោះ
ជាជាងអម្បាលម៉ានទៅទៀត
អ្នកនោះតាមទៅអង្វរគេ តែគេគេចបាត់អស់។
8អ្នកណាដែលបានប្រាជ្ញា
ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន
អ្នកណាដែលរក្សាយោបល់ទុក
នោះនឹងបានសេចក្ដីល្អ។
9សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ
ហើយអ្នកណាដែលពោលពាក្យកុហក
នឹងត្រូវវិនាសទៅ។
10ការដែលអាស្រ័យនៅដោយរុងរឿង
មិនសមនឹងមនុស្សល្ងីល្ងើទេ
លើសពីនេះទៀតនោះ
ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។
11សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង
អ្នកនោះក៏តែងមានចិត្តអរ
ដោយមិនប្រកាន់ទោសវិញ។
12សេចក្ដីក្រោធរបស់ស្តេច
ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ
តែសេចក្ដីសប្បុរសរបស់ស្ដេច
ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
13កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក
ហើយការឌុកដាន់របស់ប្រពន្ធ
ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។
14ផ្ទះសំបែង និងទ្រព្យសម្បត្តិ
ជាមត៌កមកពីឪពុក
តែប្រពន្ធដែលឆ្លៀវឆ្លាត
នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
15សេចក្ដីខ្ជិលច្រអូស
រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ
ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
16អ្នកណាដែលកាន់តាមក្រឹត្យវិន័យ
ឈ្មោះថារក្សាព្រលឹងខ្លួន
តែអ្នកណាដែលមិនប្រយ័ត្នក្នុងផ្លូវប្រព្រឹត្តរបស់ខ្លួន
មុខជាត្រូវស្លាប់។
17អ្នកណាដែលមានចិត្តអាណិត
ចែកដល់ពួកទាល់ក្រ
នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី
ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
18ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន
សង្ឃឹមឲ្យវារាងចាលនៅឡើយ
មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
19អ្នកណាដែលមានចិត្តក្រោធខ្លាំង
នោះនឹងត្រូវទទួលទោស
ដ្បិតបើអ្នកជួយគេឲ្យរួច
នោះអ្នកនឹងត្រូវជួយតទៅទៀត។
20ចូរស្តាប់ដំបូន្មាន
ហើយទទួលប្រៀនប្រដៅចុះ
ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
21នៅក្នុងចិត្តមនុស្ស
តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង
មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ
ដែលនឹងស្ថិតស្ថេរនៅ។
22សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា
នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះ
ហើយមនុស្សទាល់ក្រ
រមែងវិសេសជាងមនុស្សភូតភរ។
23សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
ប្រោសឲ្យមានជីវិត
ហើយអ្នកណាដែលមានសេចក្ដីនោះ
នឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច
ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។
24មនុស្សខ្ជិលច្រអូសលូកដៃទៅក្នុងចាន
ហើយមិនដកមក សូម្បីតែបញ្ចុកមាត់ខ្លួនផង។
25ចូរវាយមនុស្សចំអកមើលងាយ
នោះមនុស្សខ្លៅល្ងង់ចេះប្រយ័ត្នឡើង
ចូរបន្ទោសដល់អ្នកណាដែលមានយោបល់
អ្នកនោះនឹងស្តាប់បានតាមលំអាន។
26អ្នកណាដែលបំផ្លាញឪពុកខ្លួន
ហើយបណ្តេញម្តាយចេញ
នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស
និងសេចក្ដីដំណៀល។
27កូនអើយ កុំវង្វេងចេញពីផ្លូវនៃតម្រិះ
យ៉ាងនោះកូនអាចនឹងឮពាក្យប្រៀនប្រដៅ។
28សាក្សីកោងកាចគេចំអកមើលងាយ
ចំពោះសេចក្ដីយុត្តិធម៌
ហើយមាត់របស់មនុស្សអាក្រក់
ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
29សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច
សម្រាប់មនុស្សចំអក
ហើយការវាយដោយរំពាត់
ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
Currently Selected:
សុភាសិត 19: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies