ភីលីព 1:10-15
ភីលីព 1:10-15 គកស១៦
ដើម្បីជួយអ្នករាល់គ្នាឲ្យពិចារណាមើលពីអ្វីដែលប្រសើរបំផុត ហើយឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឥតកន្លែងបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ ក៏មានពេញដោយផលនៃសេចក្តីសុចរិត មកតាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ និងជាការសរសើរដល់ព្រះ។ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ ពិតជាបានជួយឲ្យដំណឹងល្អចម្រើនឡើងទៅវិញទេ ដើម្បីឲ្យកងរក្សាសន្តិសុខពេញផ្ទៃវាំងទាំងមូល និងឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតដឹងថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយបងប្អូនភាគច្រើន ដែលមានការជឿជាក់ក្នុងព្រះអម្ចាស់ដោយសារចំណងរបស់ខ្ញុំ គេហ៊ានផ្សាយព្រះបន្ទូលកាន់តែខ្លាំងឡើង ដោយឥតភ័យខ្លាច។ មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក តែអ្នកខ្លះទៀតប្រកាសដោយមានបំណងល្អ។






