ណាហ៊ុម 2
2
ការវិនាសអន្តរាយនៃទីក្រុងដែលប្រព្រឹត្តអំពើអាក្រក់
1សត្រូវបានឡើងមកទាស់នឹងឯងហើយ
ចូរការពារបន្ទាយ ត្រូវយាមផ្លូវ
ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង
ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ
2(ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង
របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ
ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង
ទំពាំងបាយជូររបស់គេអស់)។
3ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម
ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ
ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព
ទាំងគ្រវីលំពែងដងកកោះ។
4រទេះចម្បាំងរត់យ៉ាងសម្បើមទៅតាមផ្លូវ
រត់ចុះឡើងតាមផ្លូវ មានភាពដូចជាចន្លុះ
ហើយរត់លឿនដូចជាផ្លេកបន្ទោរ។
5ស្តេចរបស់គេនឹករកអ្នកណា
ដែលស្ទាត់ជំនាញក្នុងពលទ័ព
តែគេដើរទៅទាំងចំពប់ជើង
គេប្រញាប់ប្រញាល់ឡើងទៅកំផែងក្រុង
រួចក៏រៀបចំប្រដាប់បាំងខ្លួន។
6ទ្វារទន្លេបានបើកឡើង
ហើយដំណាក់ស្តេចក៏រលាយអស់
7ព្រះនាងហ៊ូសាបត្រូវគេចាប់ជាឈ្លើយ
ពួកបាវបម្រើស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប
ទាំងគក់ទ្រូង។
8ក្រុងនីនីវេប្រៀបដូចជាស្រះ
ដែលទឹកធ្លាយហូរចេញអស់
គេស្រែកថា "ឈប់សិន ឈប់សិន"
តែគ្មាននរណាមួយបែរក្រោយឡើយ។
9ចូររឹបយកប្រាក់ មាសចុះ
ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ
សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស។
10ទីក្រុងនៅទទេ ក៏ខូចបង់
មនុស្សក៏រសាយចិត្តទៅ ជង្គង់ប្រដំគ្នា
គ្រប់គ្នាចុកសៀតចង្កេះ
ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។
11តើរូងសិង្ហនោះបាត់ទៅណាហើយ?
ប្រៀបដូចជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ
សិង្ហឈ្មោល
និងសិង្ហញីឲ្យដើរនៅទីនោះ ព្រមទាំងកូនសិង្ហ
ឥតមានអ្នកណាបំភ័យវាឡើយ។
12ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូន
ក៏ខាំកសត្វយកមកឲ្យញី
ព្រមទាំងពាំសាច់សត្វមកដាក់ពេញក្នុងរូងវា។
13មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
Currently Selected:
ណាហ៊ុម 2: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies