មីកា 5
5
1 ឥឡូវនេះ ខ្មាំងសត្រូវធ្វើរបងហ៊ុមព័ទ្ធអ្នក
គេឡោមព័ទ្ធច្បាំងនឹងយើងហើយ
គេយកដំបងវាយថ្ពាល់មេដឹកនាំរបស់អ៊ីស្រាអែល។
មេដឹកនាំមកពីបេថ្លេហិម
2 តែឯង ឱបេថ្លេហិម-អេប្រាតាអើយ
ឯងជាអ្នកតូចជាងគេក្នុងចំណោម
អំបូរទាំងប៉ុន្មានរបស់យូដា
នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង
អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល
ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ
គឺតាំងពីអស់កល្បរៀងមក។
3ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់ពេលកំណត់
ពេលដែលនាងឈឺសម្រាលបានកូនមក
នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ
នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ។
4អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន
ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា
និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា
ជាព្រះរបស់ខ្លួន
នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ
រហូតដល់ចុងផែនដីបំផុត
5ហើយអ្នកនោះនឹងបានជាស្ដេចនៃសេចក្ដីសុខសាន្ត។
ប្រសិនបើពួកអាសស៊ើរលុកលុយចូល
ក្នុងស្រុករបស់ពួកយើង
ហើយដាក់ជើងជាន់លើដីរបស់ពួកយើង
ពួកយើងនឹងលើកពួកគង្វាលប្រាំពីរនាក់
និងពួកមេប្រាំបីនាក់ឲ្យទាស់នឹងគេ
6ពួកនោះនឹងឃ្វាលស្រុកអាសស៊ើរដោយដាវ
និងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេ
អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ
ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង
ឬបើកាលណាគេដាក់ជើងជាន់
ក្នុងព្រំប្រទល់ស្រុករបស់យើង។
តួនាទីអ្នកដែលសល់នៅនាពេលអនាគត
7គ្រានោះ សំណល់នៃពួកយ៉ាកុប
នឹងនៅកណ្ដាលសាសន៍ជាច្រើន
ដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា
ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ
ដែលមិនរង់ចាំមនុស្ស
ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ។
8សំណល់នៃពួកយ៉ាកុបនឹងនៅកណ្ដាលប្រទេសដទៃ
គឺនៅក្នុងចំណោមមនុស្សជាច្រើន
ដូចជាសន្សើមមកពីព្រះ
ដូចជាទឹកដែលស្រោចលើស្មៅ
ដែលមិនបង្អង់នឹងធ្លាក់លើគេ។
9ចូរលើកដៃអ្នកឡើង ដាក់លើខ្មាំងសត្រូវរបស់អ្នក
គេនឹងត្រូវបំផ្លាញ។
10ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«នៅថ្ងៃនោះ យើងនឹងកាត់អស់ទាំងសេះរបស់ឯង
ហើយយើងនឹងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មាន
របស់ឯងដែរ។
11យើងនឹងដកទីក្រុងនានាចេញពីស្រុករបស់អ្នក
និងផ្ដួលរំលំទីមាំមួនរបស់អ្នករាល់គ្នា។
12យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ
ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
13យើងនឹងបំផ្លាញរូបឆ្លាក់
និងបង្គោលគោរពចេញពីកណ្ដាលពួកឯង
នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៀត
14យើងនឹងរំលើងបង្គោលសក្ការៈ របស់ឯង
ចេញពីកណ្ដាលឯង
ហើយនឹងបំផ្លាញទីក្រុងទាំងប៉ុន្មានរបស់ឯង។
15យើងនឹងសម្រេចការសងសឹក
ដោយកំហឹង និងសេចក្ដីឃោរឃៅ
នៅលើអស់ទាំងសាសន៍ដែលមិនព្រមស្តាប់បង្គាប់»។
Currently Selected:
មីកា 5: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies