ម៉ាថាយ 6:19-24
ម៉ាថាយ 6:19-24 គកស១៦
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។ «ភ្នែកជាចង្កៀងរបស់រូបកាយ ដូច្នេះ បើភ្នែកអ្នកល្អ រូបកាយអ្នកទាំងមូលនឹងមានពេញដោយពន្លឺ តែបើភ្នែកអ្នកមិនល្អវិញ រូបកាយអ្នកទាំងមូល នឹងមានពេញដោយសេចក្តីងងឹត។ ដូច្នេះ បើពន្លឺនៅក្នុងអ្នក ជាសេចក្តីងងឹតទៅហើយ ចុះសេចក្តីងងឹតនោះនឹងសូន្យសុងយ៉ាងណាទៅ!» «គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។