ម៉ាថាយ 1
គកស១៦

ម៉ាថាយ 1

1
បញ្ជី​រាយ​នាម​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ
(លូកា ៣.២៣-៣៨)
1នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។ 2អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បង‌ប្អូន​របស់​គាត់ 3យូដា​យក​នាង​តា​ម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​អើរ៉ាម 4អើរ៉ាម​បង្កើត​អ័មីណា‌ដាប់ អ័មីណា‌ដាប់​បង្កើត​ណា‌សូន ណា‌សូន​បង្កើត​សាលម៉ូន 5សាលម៉ូន​យក​នាង​រ៉ាហាប​បង្កើត​បាន​បូអូស បូអូស​យក​នាង​រស់​បង្កើត​បាន​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ 6អ៊ីសាយ​បង្កើត​ស្តេច​ដាវីឌ ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន 7សាឡូម៉ូន​បង្កើត​រេហូបោម រេហូបោម​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា 8អេសា​បង្កើត​យេ‌ហូសា‌ផាត យេ‌ហូសា‌ផាត​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​អូសៀស 9អូសៀស​បង្កើត​យ៉ូថាម យ៉ូថាម​បង្កើត​អេហាស អេហាស​បង្កើត​អេសេគាស 10អេសេ‌គាស​បង្កើត​ម៉ាណា‌សេ ម៉ាណា‌សេ​បង្កើត​អាំម៉ូន អាំម៉ូន​បង្កើត​យ៉ូសៀស 11យ៉ូសៀស​បង្កើត​យេកូនាស និង​បង‌ប្អូន​របស់​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន។ 12ក្រោយ​ពី​ដំណើរ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ​នោះ យេកូ‌នាស​បង្កើត​បាន​សាល‌ធាល សាល‌ធាល​បង្កើត​សូរ៉ូបាបិល 13សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ អ័ប៊ីយុឌ​បង្កើត​អេលាគីម អេលាគីម​បង្កើត​អេសូរ 14អេសូរ​បង្កើត​សាដុក សាដុក​បង្កើត​អេគីម អេគីម​បង្កើត​អេលីយុឌ 15អេលីយុឌ​បង្កើត​អេលា‌សារ អេលា‌សារ​បង្កើត​ម៉ាថាន ម៉ាថាន​បង្កើត​យ៉ាកុប 16យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្តី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ»។ 17ដូច្នេះ តាំង​ពី​អ័ប្រា‌ហាំ​មក​ដល់​ដាវីឌ មាន​ដប់​បួន​ជំនាន់ តាំង​ពី​ដាវីឌ​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មាន​ដប់​បួន​ជំនាន់ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មក​ដល់​ព្រះ‌គ្រីស្ទ​ក៏​មាន​ដប់​បួន​ជំនាន់​ដែរ។
កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ
(លូកា ២.១-៧)
18រីឯ​កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ គឺ​ពេល​នាង​ម៉ារា មាតា​ព្រះ‌អង្គ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​យ៉ូសែប មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​នៅ​ជា​មួយ​គ្នា នាង​មាន​គភ៌​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។ 19យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។ 20ប៉ុន្តែ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​លេច​មក​ប្រាប់​លោក​ក្នុង​យល់​សប្តិ​ថា៖ «យ៉ូសែប ជា​ពូជ​ពង្ស​ព្រះ‌បាទ​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​មក​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង គឺ​មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ។ 21នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។ 22ការ​ទាំង​នោះ​កើត​មក ដើម្បី​សម្រេច​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖
23«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌
ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ
ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"»
មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។
24ពេល​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង លោក​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​បង្គាប់ គឺ​លោក​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ 25តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។

Encouraging and challenging you to seek intimacy with God every day.


YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy.