យ៉ូប 30
30
1ប៉ុន្តែ ឥឡូវនេះ គេចំអកដាក់ខ្ញុំ
ជាពួកអ្នកដែលក្មេងជាងខ្ញុំ
ជាឪពុកដែលមិនអាចទុកចិត្តបាន
ទោះជានៅជាមួយឆ្កែក្នុងការរក្សាហ្វូងសត្វ
របស់ខ្ញុំមិនបានផង។
2អើ កម្លាំងដៃគេ តើមានប្រយោជន៍អ្វីដល់ខ្ញុំ?
គេនឹងរស់ដរាបដល់ចាស់មិនបានទេ។
3គេស្គមស្គាំងដោយខ្វះខាត
និងពេលគ្រោះទុរ្ភិក្ស
គេស៊ីនៅទីហួតហែង ដែលពីដើម
ជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់
4គេបេះស្លឹកប្រង់ដែលដុះនៅក្បែរគុម្ពឈើតូចៗ
ហើយមានតែមើមក្តួចជាអាហារដល់គេ។
5គេត្រូវបណ្តេញចេញពីចំណោមមនុស្ស
មនុស្សស្រែកដេញតាមគេ
ដូចជាស្រែកតាមចោរ។
6ឲ្យទៅនៅក្នុងហប់ភ្នំគួរស្ញែងខ្លាច
ក្នុងរូងដី ហើយរអាងថ្ម។
7គេស្រែកឡើងនៅកណ្ដាលគុម្ពឈើ
ដូចជាសត្វលា
គេប្រជុំគ្នានៅនាគុម្ពផ្អាវ
8គេសុទ្ធតែជាកូនរបស់មនុស្សដែលឥតគំនិត
ជាកូនរបស់មនុស្សថោកទាបបំផុត
គេត្រូវបណ្តេញចេញពីស្រុកទៅ។
9ឥឡូវនេះ ខ្ញុំបានត្រឡប់
ទៅជាបទចម្រៀងរបស់គេ
ហើយជាពាក្យដែលគេពោលបង្អាប់
10គេខ្ពើមឆ្អើមខ្ញុំ ក៏ឈរឃ្លាតឆ្ងាយពីខ្ញុំ
ហើយក៏ស្តោះដាក់មុខខ្ញុំឥតទប់មាត់ឡើយ។
11ព្រោះព្រះបានបន្ធូរខ្សែធ្នូរបស់ខ្ញុំ
ហើយធ្វើទុក្ខខ្ញុំ
គេលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ។
12នៅខាងស្តាំ ខ្ញុំកើតមានពួកពាល
គេមកទង្គិចជើងខ្ញុំ
ហើយបង្កើតផ្លូវវិនាសរបស់គេទាស់នឹងខ្ញុំ។
13គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ
គេនាំសេចក្ដីអន្តរាយដល់ខ្ញុំ
ឥតត្រូវការអ្នកណាជួយគេឡើយ។
14គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែក
ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា
នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ។
15មានសេចក្ដីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ
ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់
ហើយសេចក្ដីសុខរបស់ខ្ញុំ
បានរលាយបាត់ទៅដូចជាពពក។
16ឥឡូវនេះ ព្រលឹងខ្ញុំត្រូវរលាយទៅ
នៅក្នុងខ្លួនខ្ញុំ
ហើយគ្រាវេទនាបានចាប់តោងខ្ញុំជាប់។
17នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទម្លុះ
ហើយសេចក្ដីឈឺចាប់ដែលស៊ីរែះខ្ញុំ
នោះមិនចេះសម្រាកទេ។
18សម្លៀកបំពាក់របស់ខ្ញុំត្រូវខូច
ដោយអំណាចនៃរោគនេះ
ក៏រឹតរួតខ្លួនខ្ញុំ ដូចជាកអាវរឹតកខ្ញុំ។
19ព្រះអង្គបានបោះខ្ញុំទៅក្នុងភក់ជ្រាំ
ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដី និងផេះ។
20ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកព្រះអង្គ
តែព្រះអង្គមិនឆ្លើយមកទូលបង្គំសោះ
ទូលបង្គំឈរឡើង តែព្រះអង្គគ្រាន់តែ
សម្លឹងមើលទូលបង្គំប៉ុណ្ណោះ។
21ព្រះអង្គធ្វើដូចជាសាហាវពេកដល់ទូលបង្គំ
ក៏បៀតបៀនទូលបង្គំ ដោយអានុភាព
នៃព្រះហស្តរបស់ព្រះអង្គ។
22ព្រះអង្គលើកទូលបង្គំឡើងឲ្យត្រូវខ្យល់
ហើយបណ្តែតទូលបង្គំទៅ
ព្រះអង្គរំលាយទូលបង្គំដោយខ្យល់ព្យុះ។
23ដ្បិតទូលបង្គំដឹងថា
ព្រះអង្គនឹងនាំទូលបង្គំឲ្យត្រូវស្លាប់
គឺឲ្យទៅឯទីសំណាក់ដែលទុកសម្រាប់
ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
24ប៉ុន្តែ កាលមនុស្សដួលចុះ
តើមិនយកដៃទប់ខ្លួន
ហើយកាលណាមានសេចក្ដីអន្តរាយ
តើមិនស្រែករកគេជួយទេឬ?
25តើខ្ញុំមិនបានស្រក់ទឹកភ្នែកនឹងមនុស្ស
ដែលមានសេចក្ដីលំបាកទេឬ?
តើខ្ញុំមិនព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬ?
26តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្ដីល្អ
នោះសេចក្ដីអាក្រក់បានមកដល់
កាលខ្ញុំបានទន្ទឹងចាំពន្លឺ
នោះមានសុទ្ធតែសេចក្ដីងងឹតវិញ។
27ចិត្តខ្ញុំខ្ជោលចុះឡើងឥតឈប់ឈរ
មានគ្រាលំបាកបានមកលើខ្ញុំហើយ។
28ខ្ញុំដើរទៅដោយមានមុខខ្មៅ
ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ
ខ្ញុំក្រោកឡើងនៅកណ្ដាលជំនុំ
ស្រែករកគេជួយ។
29ខ្ញុំជាបងប្អូននឹងឆ្កែព្រៃ
ហើយជាមិត្តនឹងសត្វអូទ្រុសផង។
30សាច់ខ្ញុំខ្មៅ ហើយក៏របេះពីខ្ញុំទៅ
ឆ្អឹងខ្ញុំក៏ឆេះ ដោយសារគ្រុនក្តៅ។
31ហេតុនោះបានជាស៊ុងខ្ញុំ
បានត្រឡប់ជាសេចក្ដីសោកសៅ
ហើយខ្លុយខ្ញុំទៅជាសំឡេង
នៃពួកអ្នកដែលយំទួញវិញ។
Currently Selected:
យ៉ូប 30: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies