យ៉ូប 18
18
ប្រសាសន៍លើកទីពីររបស់លោកប៊ីលដាដ៖ ព្រះដាក់ទោសមនុស្សអាក្រក់
1បន្ទាប់មក ប៊ីលដាឌ សាសន៍ស៊ូអា
ក៏ឆ្លើយឡើងថា៖
2«តើអ្នករាល់គ្នានឹងនៅតែ
និយាយដល់កាលណាទៀត?
ចូរពិចារណាចុះ រួចយើងនឹងនិយាយ។
3ហេតុអ្វីបានជាយើងត្រូវរាប់ទុក
ដូចជាសត្វតិរច្ឆាន?
ហេតុអ្វីបានជាយើងទៅជាមនុស្សល្ងីល្ងើ
នៅក្នុងភ្នែករបស់អ្នក?
4ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង
តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក
ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ?
5ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ
ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ។
6ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ
ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ។
7អស់ទាំងជំហាននៃកម្លាំងគេនឹងកាន់តែអន់ថយ
ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង។
8ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង
គេដើរលើរង្វង់អន្ទាក់ជានិច្ច។
9អន្ទាក់នឹងរូតជាប់កែងជើងគេ
ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ។
10មានខ្សែរូតបង្កប់ក្នុងដីសម្រាប់ចាប់គេ
ហើយមានអង្គប់រង់ចាំគេនៅផ្លូវ។
11សេចក្ដីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស
ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ។
12កម្លាំងគេហេវទៅដោយអត់ឃ្លាន
ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀប
ជាស្រេចនៅខាងគេ
13ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់
ហើយសេចក្ដីស្លាប់ក៏លេបត្របាក់
ដៃជើងរបស់គេដែរ។
14គេនឹងត្រូវរលើងចេញពីទីលំនៅ
ដែលបានយកជាទីពឹង
ហើយនឹងត្រូវនាំទៅចំពោះស្តេច
នៃសេចក្ដីស្ញែងខ្លាច។
15មនុស្សក្រៅវង្សត្រកូលរបស់គេ
នឹងមកនៅក្នុងទីលំនៅគេវិញ
ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើ
ទីអាស្រ័យរបស់គេ។
16នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ
ហើយខាងលើមែករបស់គេនឹងត្រូវកាច់ចេញ។
17ទាំងសេចក្ដីនឹកចាំពីគេ
នឹងសូន្យបាត់ពីផែនដីទៅ
ហើយនឹងលែងឮនិយាយ
ពីឈ្មោះគេតាមផ្លូវតទៅ។
18គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត
ហើយត្រូវប្រដេញចេញពីលោកីយផង។
19គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ
ឬអ្នកណានៅសល់ក្នុងកន្លែង
ដែលគេអាស្រ័យនោះឡើយ។
20ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ
ពីប្រវត្តិរបស់គេ
ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។
21ប្រាកដជាយ៉ាងនោះហើយ
ដែលជាទីលំនៅរបស់មនុស្សអាក្រក់
នេះហើយជាកន្លែងរបស់អ្នក
ដែលមិនស្គាល់ព្រះ»។
Currently Selected:
យ៉ូប 18: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies