យ៉ាកុប 2
2
ពាក្យទូន្មានកុំឲ្យរាប់អានមនុស្សដោយរើសមុខ
1បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។ 2ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ 3ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» 4នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ? 5បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ? 6តែអ្នករាល់គ្នាបែរជាបន្តុះបង្អាប់អ្នកក្រនោះទៅវិញ។ តើមិនមែនជាពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាចូលទៅតុលាការ? 7តើមិនមែនជាពួកគេទេឬ ដែលប្រមាថដល់ព្រះនាមដ៏ប្រសើរ ដែលអ្នករាល់គ្នាបានអំពាវនាវរក?
8ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។ 9ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នារើសមុខ នោះអ្នករាល់គ្នាប្រព្រឹត្តអំពើបាបហើយ ហើយក្រឹត្យវិន័យក៏កាត់ទោសអ្នករាល់គ្នា ទុកដូចជាអ្នកប្រព្រឹត្តអំពើរំលងដែរ។ 10ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។ 11ព្រោះព្រះអង្គដែលមានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ព្រះអង្គក៏មានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»ដែរ។ ប្រសិនបើអ្នកមិនបានប្រព្រឹត្តអំពើផិតក្បត់ទេ តែបានសម្លាប់មនុស្សវិញ នោះឈ្មោះថា អ្នកបានប្រព្រឹត្តរំលងក្រឹត្យវិន័យហើយ។ 12ដូច្នេះ ត្រូវនិយាយ និងប្រព្រឹត្តទុកដូចជាអស់អ្នកដែលត្រូវទទួលការជំនុំជម្រះ នៅក្រោមក្រឹត្យវិន័យនៃសេរីភាពចុះ។ 13ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
ជំនឿដែលគ្មានការប្រព្រឹត្ត នោះឈ្មោះថាស្លាប់
14បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ? 15ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ 16ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? 17រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។
18ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។ 19អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ 20ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ? 21ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ? 22អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានគ្រប់លក្ខណ៍។ 23យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។ 24អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ 25នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ 26ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។
Currently Selected:
យ៉ាកុប 2: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies