ហូសេ 8
8
អ៊ីស្រាអែលបានងាកបែរចេញពីព្រះ
1ចូរផ្អឹបត្រែនៅមាត់របស់អ្នកចុះ!
មានសត្រូវបោះពួយដូចឥន្ទ្រី
មកលើដំណាក់របស់ព្រះយេហូវ៉ា
ព្រោះពួកអ៊ីស្រាអែលបានបំពាន
លើសេចក្ដីសញ្ញារបស់យើង
ហើយបះបោរប្រឆាំងនឹងច្បាប់របស់យើង។
2គេស្រែករកយើងថា "ព្រះនៃទូលបង្គំអើយ
យើងខ្ញុំជាសាសន៍អ៊ីស្រាអែល
ស្គាល់ព្រះអង្គហើយ!"
3អ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីល្អ
ខ្មាំងសត្រូវនឹងដេញតាមគេ។
4គេបានតាំងស្តេចផ្សេងៗឡើង
តែមិនមែនដោយសារយើងទេ
ក៏បានតាំងពួកមេដឹកនាំ
តែយើងមិនបានដឹងឡើយ។
គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ
ជាការដែលនាំឲ្យខ្លួនគេត្រូវវិនាស។
5ឱសាម៉ារីអើយ
យើងបានបោះចោលរូបកូនគោរបស់អ្នកហើយ
កំហឹងរបស់យើងបានឆួលឡើងទាស់នឹងគេ។
តើដល់ពេលណាទើបគេជ្រះស្អាតវិញ?
6ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល
ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។
រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។
7ដ្បិតគេបានសាបព្រោះខ្យល់
ហើយគេនឹងច្រូតបានជាខ្យល់គួច។
ស្រូវរបស់គេស្កក ឥតមានគ្រាប់
គ្មានអ្វីយកមកធ្វើម្សៅឡើយ
ហើយប្រសិនបើបានផល
នោះមនុស្សដទៃនឹងលេបបាត់ទៅ។
8អ៊ីស្រាអែលត្រូវលេបបាត់ហើយ
ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា
ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។
9ដ្បិតគេបានឡើងទៅស្រុកអាសស៊ើរ
ដូចជាលាព្រៃដែលនៅដាច់តែឯង
អេប្រាអិមបានជួលគូស្នេហ៍។
10ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ
យើងនឹងប្រមូលផ្ដុំពួកគេភ្លាម
ហើយស្តេច និងពួកមេដឹកនាំ
នឹងត្រូវរងទុក្ខវេទនាភ្លាមដែរ
ដោយព្រោះតែបង់សួយសារអាករ។
11ដោយព្រោះអេប្រាអិមបានសង់អាសនា
ច្រើនឡើងៗសម្រាប់ធ្វើបាប
អាសនាទាំងនោះក៏ត្រឡប់ជាទី
ដែលនាំឲ្យគេធ្វើបាបដែរ។
12ទោះបើយើងសរសេរអស់ទាំងមាត្រាច្បាប់
របស់យើងទុកសម្រាប់គេក៏ដោយ
ក៏គេចាត់ទុកជាច្បាប់ដទៃដែរ។
13រីឯតង្វាយយញ្ញបូជាដែលត្រូវថ្វាយដល់យើង
នោះគេសម្លាប់សត្វ ដើម្បីឲ្យតែបានសាច់ស៊ីប៉ុណ្ណោះ
តែព្រះយេហូវ៉ាមិនទទួលទេ
ឥឡូវនេះ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ
ហើយដាក់ទោសអំពើបាបរបស់គេ
គេនឹងវិលទៅស្រុកអេស៊ីព្ទវិញ។
14ដ្បិតអ៊ីស្រាអែលបានបំភ្លេចព្រះដែលបង្កើតខ្លួន
ក៏សង់វិមានផ្សេងៗឡើង
ហើយយូដាបានសង់ទីក្រុង
ដែលមានកំផែងការពារកាន់តែច្រើន
តែយើងនឹងចាត់ភ្លើងទៅលើទីក្រុងរបស់គេ
ភ្លើងនោះនឹងបំផ្លាញទីមាំមួនរបស់គេទៅ។
Currently Selected:
ហូសេ 8: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies