លោកុប្បត្តិ 15:6-19
លោកុប្បត្តិ 15:6-19 គកស១៦
លោកអាប់រ៉ាមក៏ជឿតាមព្រះយេហូវ៉ា ហើយដោយសារជំនឿរបស់លោក ព្រះអង្គបានរាប់លោកជាសុចរិត ។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ដែលបាននាំអ្នកចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាកេរអាករ»។ ប៉ុន្តែ លោកទូលថា៖ «ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ធ្វើដូចម្ដេចឲ្យទូលបង្គំដឹងថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករទៅ?» ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។ លោកក៏យកសត្វទាំងនោះមកថ្វាយព្រះអង្គ ដោយពុះវាជាពីរ ហើយដាក់ចំហៀងនីមួយៗប្រទល់គ្នា តែសត្វស្លាប លោកមិនបានពុះជាពីរទេ ពេលណាមានសត្វហើរចុះមកលើខ្មោចសត្វទាំងនោះ លោកអាប់រ៉ាមក៏ដេញវាចេញ។ នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរដឹងឲ្យប្រាកដថា ពូជពង្សរបស់អ្នកនឹងទៅជាអ្នកដទៃស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងក្លាយជាទាសករនៅស្រុកនោះ ហើយអ្នកស្រុកនោះនឹងសង្កត់សង្កិនគេអស់រយៈពេលបួនរយឆ្នាំ តែយើងនឹងជំនុំជម្រះសាសន៍ដែលគេបម្រើនោះ ហើយក្រោយនោះមក គេនឹងចាកចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើន។ រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។ នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។ កាលថ្ងៃលិចផុតទៅ ហើយមេឃក៏ងងឹត នោះមើល៍ មានគុកភ្លើងហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើង ឆេះទៅមកតាមចន្លោះដុំសាច់ទាំងនោះ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាតាំងសញ្ញាជាមួយអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត ស្រុករបស់ពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី






