អេសេគាល 8
8
ការថ្វាយបង្គំព្រះក្លែងក្លាយនៅក្រុងយេរូសាឡិម
1នៅថ្ងៃទីប្រាំ ខែទីប្រាំមួយ ក្នុងឆ្នាំទីប្រាំមួយ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខខ្ញុំដែរ ព្រះអម្ចាស់យេហូវ៉ាបានដាក់ព្រះហស្តលើខ្ញុំ។ 2ខ្ញុំមើលទៅឃើញរូបភាពមានសណ្ឋានដូចជាមនុស្ស ចុះទៅក្រោមត្រង់កន្លែងដែលមានរាងដូចជាចង្កេះ នោះមានសណ្ឋានដូចជាភ្លើង ហើយពីចង្កេះទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ភ្លឺ គឺដូចជាលោហធាតុដែលភ្លឺចាំង។ 3ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ នាំខ្ញុំក្នុងនិមិត្តរបស់ព្រះទៅក្រុងយេរូសាឡិម គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបភាពប្រចណ្ឌ ដែលបណ្ដាលឲ្យប្រចណ្ឌ។ 4នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជានិមិត្តដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ ។
5ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរបើកភ្នែកសម្លឹងមើលទៅទិសខាងជើងឥឡូវ» ដូច្នេះ ខ្ញុំក៏មើលទៅខាងជើងនោះ ជាទ្វារដែលចូលទៅឯអាសនា ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ។ 6ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញការដែលគេប្រព្រឹត្តឬទេ? គឺជាការគួរស្អប់ខ្ពើមយ៉ាងណា ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យយើងបានឃ្លាតឆ្ងាយពីទីបរិសុទ្ធរបស់យើង តែចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសម្បើមជាងនេះទៅទៀត»។
7ពេលនោះ ព្រះអង្គនាំខ្ញុំទៅដល់ទ្វារទីលាន ខ្ញុំបានមើលទៅឃើញមានប្រហោងមួយក្នុងកំផែង។ 8រួចព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ» កាលខ្ញុំបានជីកក្នុងកំផែងហើយ ឃើញមានទ្វារមួយ។ 9ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរអ្នកចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ ដែលគេធ្វើនៅទីនេះ»។ 10ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ 11ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។ 12ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។ 13ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើមដែលគេប្រព្រឹត្តច្រើនទៀត»។
14ព្រះអង្គនាំខ្ញុំទៅដល់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដែលបើកទៅខាងជើង នៅទីនោះឃើញពួកស្រីៗអង្គុយយំនឹងព្រះថាមូស ។ 15ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមជាងនេះទៅទៀត»។
16បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។ 17ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាល ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យយើងខឹងម្តងទៀត ហើយមើល៍ គេលើកមែកឈើប្រណម្យនៅច្រមុះគេផង 18ដូច្នេះ យើងនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកយើងក៏ដោយ គង់តែយើងមិនព្រមស្តាប់ឡើយ»។
Currently Selected:
អេសេគាល 8: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies