អេសេគាល 6
6
ការជំនុំជម្រះពួកអ៊ីស្រាអែលដែលថ្វាយបង្គំរូបព្រះ
1ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរបែរមុខទៅភ្នំនៅស្រុកអ៊ីស្រាអែល ហើយថ្លែងប្រាប់គេថា 3ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក និងច្រកភ្នំទាំងប៉ុន្មានថា គឺយើងនេះហើយ នឹងនាំដាវមកលើអ្នករាល់គ្នា ហើយយើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក។ 4អស់ទាំងអាសនារបស់អ្នកនឹងត្រូវខូច ហើយរូបព្រះអាទិត្យរបស់អ្នកនឹងត្រូវបាក់បែក យើងនឹងបោះពួកអ្នកដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់អ្នក។ 5យើងនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកម្ចាត់កម្ចាយឆ្អឹងអ្នក នៅជុំវិញអាសនារបស់អ្នក។ 6នៅទីណាដែលអ្នករាល់គ្នាអាស្រ័យនៅ ទីក្រុងទាំងនោះនឹងត្រូវវិនាស ហើយទីខ្ពស់ៗនឹងត្រូវខូចបង់ ដើម្បីឲ្យអាសនារបស់អ្នករាល់គ្នាត្រូវអន្តរាយ ហើយខូចបង់ រូបព្រះរបស់អ្នករាល់គ្នាត្រូវបាក់បែក ហើយវិនាសអន្តរាយ អាសនាដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នាត្រូវកាប់រំលំ ឯស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ដែរ។ 7ពួកអ្នកដែលត្រូវសម្លាប់ គេនឹងដួលនៅកណ្ដាលអ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ 8ប៉ុន្តែ យើងនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យមានអ្នកដែលរួចពីដាវនៅកណ្ដាលសាសន៍ដទៃ ក្នុងកាលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅតាមស្រុកផ្សេងៗ។ 9ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។ 10គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដែលយើងបានថា នឹងធ្វើការអាក្រក់ទាំងនេះដល់គេ នោះមិនមែនជាពាក្យលេងទេ។
11ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយគ្រោះទុរ្ភិក្ស និងដោយអាសន្នរោគ។ 12អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នឹងស្លាប់ដោយគ្រោះទុរ្ភិក្សវិញ គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើងទៅលើគេ។ 13អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសម្លាប់ បានដេករណែលកណ្ដាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ។ 14យើងនឹងលូកដៃទៅលើគេ និងធ្វើឲ្យស្រុកគេត្រូវខូចបង់ ហើយស្ងាត់ច្រៀប លើសជាងទីរហោស្ថានដែលនៅខាងរីបឡា ទៅទៀត គឺនៅគ្រប់ទាំងទីកន្លែងណាដែលគេអាស្រ័យនៅផង នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
Currently Selected:
អេសេគាល 6: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies