អេសេគាល 17
17
ប្រស្នាអំពីដើមតាត្រៅ និងសត្វឥន្ទ្រី
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរដាក់ប្រស្នា ហើយពោលសេចក្ដីប្រៀបធៀបដល់ពួកវង្សអ៊ីស្រាអែលថា 3ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ
មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌
ដែលមានចំអេងស្លាបធំ ហើយវែង
វាហើរមកដល់ព្រៃល្បាណូន
កាច់យកចុងដើមតាត្រៅមួយ
4វាកាច់យកលំពង់
នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ
ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ។
5វាក៏យកពូជពង្រោះពីស្រុកនោះ
ទៅព្រោះនៅក្នុងដីដុះដាល
គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក
6ដើមនោះក៏ដុះឡើង
ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ
ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ
ឯឫសក៏នៅពីក្រោមវាដែរ
ដូច្នេះ ដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ
ក៏បែកខ្នែង ហើយចេញត្រួយផង។
7មានសត្វឥន្ទ្រីធំមួយទៀតមានស្លាបច្រើន
ហើយចំអេងស្លាបយ៉ាងធំ រីឯដើមទំពាំងបាយជូរ
នោះបានបត់ឫសពីដីដែលដាំនោះទៅខាងវាវិញ
ហើយបោះមែកចេញទៅខាងវាដែរ
ដើម្បីឲ្យវាបានស្រោចទឹក។
8ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ
ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ
ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ។
9អ្នកត្រូវពោលថា
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ
តើដើមនោះនឹងចម្រើនឡើងបានឬ?
តើឥន្ទ្រីទីមួយមិនដករំលើងទាំងឫស
ហើយកាត់ផ្លែចេញឲ្យបានស្វិតទៅ
ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬ?
គឺមិនចាំបាច់មានដៃខ្លាំងពូកែ
ឬមនុស្សជាច្រើនមកដករំលើងឫសរបស់វាឡើយ។
10មើល៍! ដែលបានដាំដូច្នេះហើយ
តើចម្រើនឡើងបានឬ?
តើមិនស្វិតក្រៀមទៅទាំងអស់
ដោយគ្រាន់តែមានខ្យល់ពីខាងកើត
បក់មកប៉ះត្រូវទេឬ?
វានឹងត្រូវស្វិតក្រៀមនៅកន្លែងដែលដុះនោះ»។
11ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀតថា៖ 12«ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើអ្នករាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬ? ចូរប្រាប់គេថា ស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន។ 13ស្ដេចបាប៊ីឡូនក៏រើសយកពូជស្តេចមួយអង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ (រួចនាំពួកអ្នកខ្លាំងពូកែក្នុងស្រុកចេញទៅ) 14ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ។ 15ប៉ុន្តែ ស្តេចបានបះបោរនឹងព្រះអង្គវិញ ដោយចាត់រាជទូតទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចម្រើនឡើងបានឬ? តើអ្នកដែលប្រព្រឹត្តដូច្នេះរួចខ្លួនឬ? តើអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ? 16ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាស្តេចនឹងត្រូវស្លាប់ នៅកន្លែងក្នុងស្រុកដែលបានតាំងទ្រង់ឡើងឲ្យសោយរាជ្យ ដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះ គឺនឹងត្រូវស្លាប់ នៅកណ្ដាលក្រុងបាប៊ីឡូនជិតស្តេចនោះ។ 17ផារ៉ោន និងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចម្បាំង ដោយមានគ្នាសន្ធឹករបស់ព្រះអង្គ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទម្លាយកំផែង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ។ 18ដ្បិតស្តេចបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល៍ ព្រះអង្គក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ? 19ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាយើងនឹងទម្លាក់ពាក្យសម្បថរបស់យើង ដែលគេបានមើលងាយ និងសេចក្ដីសញ្ញារបស់យើង ដែលគេបានផ្តាច់ចេញនោះ ទៅលើក្បាលគេវិញ។ 20យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។ 21អស់អ្នកដែលចំណានៗ ទាំងប៉ុន្មានក្នុងកងទ័ពរបស់គេ នឹងត្រូវដួលដោយដាវ ឯពួកអ្នកដែលសល់នៅ គេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់កន្លែង នោះអ្នករាល់គ្នានឹងដឹងថា យើងនេះគឺយេហូវ៉ា យើងបានប្រកាសហើយ»។
22ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
យើងនឹងកាច់យកចុងដើមតាត្រៅយ៉ាងខ្ពស់
ទៅដាំចុះ
យើងនឹងកាច់យកលំពង់មួយយ៉ាងទន់
ពីចុងបំផុតរបស់ដើមនោះទៅដាំ
នៅលើកំពូលភ្នំយ៉ាងខ្ពស់។
23គឺយើងនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល
ដើមនោះនឹងបោះមែក ហើយកើតផល
ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ
អស់ទាំងសត្វស្លាបគ្រប់មុខ
នឹងជ្រកនៅក្រោម ហើយធ្វើសម្បុក
នៅក្រោមម្លប់នៃមែកវា។
24ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា
យើង គឺយេហូវ៉ា
យើងបានបន្ទាបដើមឈើខ្ពស់ចុះមក
ហើយបានតម្កើងដើមឈើទាបឡើងវិញ
យើងបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ
ហើយឲ្យដើមឈើ
ដែលស្វិតក្រៀមបានប៉ិចឡើងវិញ
គឺយើង យេហូវ៉ានេះហើយ
ដែលបានចេញវាចា ព្រមទាំងធ្វើការនេះ»។
Currently Selected:
អេសេគាល 17: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies