២ របាក្សត្រ 28
28
រាជ្យរបស់ស្តេចអ័ហាស
1ពេលព្រះបាទអ័ហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ តែទ្រង់មិនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ។ 2គឺទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល ហើយបានសិតធ្វើរូបទុកជាព្រះ។ 3មួយទៀត ទ្រង់បានដុតកំញាននៅច្រកភ្នំរបស់កូនហ៊ីនណម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។ 4ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។
អារ៉ាម និងអ៊ីស្រាអែលវាយយូដា
5ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្ដាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើន នាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសម្លាប់មនុស្សយ៉ាងសន្ធឹក។ 6ដ្បិតពេកា ជាបុត្រារេម៉ាលាបានសម្លាប់មនុស្ស ដែលមានចិត្តក្លាហាននៅស្រុកយូដា អស់មួយសែនពីរម៉ឺននាក់ក្នុងមួយថ្ងៃ ព្រោះគេបានបោះបង់ព្រះយេហូវ៉ា ជាព្រះនៃពួកបុព្វបុរស។ 7ឯស៊ីកគ្រី ជាមនុស្សខ្លាំងពូកែពីស្រុកអេប្រាអិម ក៏សម្លាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចផង។
អន្តរាគមន៍របស់អូដេឌ
8ពួកកូនចៅអ៊ីស្រាអែលក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់ពីរសែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងជ័យភណ្ឌជាច្រើនផង ទៅក្រុងសាម៉ារី។ 9ប៉ុន្តែ នៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបពលទ័ពដែលវិលមកក្រុងសាម៉ារី ពោលថា៖ «មើល៍! ព្រោះព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសអ្នករាល់គ្នា ព្រះអង្គមានសេចក្ដីក្រោធដល់ពួកយូដា បានជាព្រះអង្គប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ។ 10ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាដែរទេឬ? 11ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវអនុញ្ញាតិឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ»។ 12ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគាជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះ 13ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវនាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតអ្នករាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោសនៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ»។ 14ដូច្នេះ ពួកទាហានក៏ដោះលែងឈ្លើយទាំងនោះ និងបោះបង់ជ័យភណ្ឌចោលនៅមុខពួកចៅហ្វាយ និងក្រុមជំនុំទាំងអស់គ្នា។ 15អ្នកដែលមានឈ្មោះហើយ ក៏ក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសម្លៀកបំពាក់ពីក្នុងជ័យភណ្ឌនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកម្លាំងតិច នោះគេបញ្ជិះលើសត្វលា បញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើ រួចគេវិលមកក្រុងសាម៉ារីវិញ។
ព្រះបាទអ័ហាសសុំជំនួយពីស្តេចស្រុកអាសសើុរ
16នៅគ្រានោះ ព្រះបាទអ័ហាសចាត់អ្នកនាំសារទៅ ដើម្បីសូមស្តេចស្រុកអាសស៊ើរឲ្យមកជួយ។ 17ដ្បិតពួកអេដុមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង។ 18ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប និងតំបន់ណេកិប ស្រុកយូដា គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីបណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ។ 19ដ្បិតព្រះយេហូវ៉ា បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះព្រះបាទអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ព្រោះស្តេចបាននាំឲ្យពួកយូដាលែងមានសេចក្ដីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំចំពោះព្រះយេហូវ៉ា។ 20គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចម្រើនកម្លាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ 21ដ្បិតព្រះបាទអ័ហាសបានបែងយកចំណែក ពីព្រះវិហាររបស់ព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។
ការបោះបង់ព្រះ និងការសុគតរបស់ព្រះបាទអ័ហាស
22ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។ 23គឺទ្រង់បានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែ ព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ។ 24ព្រះបាទអ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះដំណាក់របស់ព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសម្រាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិម។ 25ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់សម្រាប់ដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្ដាលឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់ មានសេចក្ដីក្រោធ។ 26រីឯកិច្ចការផ្សេងទៀតពីទ្រង់ និងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅរបស់ពួកស្តេចយូដា និងអ៊ីស្រាអែល។ 27ព្រះបាទអ័ហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចព្រះបាទហេសេគា ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
Currently Selected:
២ របាក្សត្រ 28: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies