២ របាក្សត្រ 26
26
រាជ្យរបស់ព្រះបាទអូសៀស
1ពួកជនទាំងឡាយនៅស្រុកយូដា ក៏លើកអូសៀសដែលមានព្រះជន្ម ១៦ព្រះវស្សាហើយ តាំងឡើងជាស្តេចជំនួសព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតា 2ព្រះបាទអូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលបិតាបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ 3កាលព្រះបាទអូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំមួយព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន ៥២ឆ្នាំ មាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡិម។ 4ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់បានធ្វើ 5ទ្រង់ដាក់ព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ចាប់តាំងពីគ្រាសាការី ដែលបង្រៀនទ្រង់ឲ្យកោតខ្លាចព្រះ ហើយដរាបណាទ្រង់ស្វែងរកព្រះយេហូវ៉ា ព្រះក៏បានប្រទានឲ្យទ្រង់បានចម្រុងចម្រើន។
6ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្ដាលពួកភីលីស្ទីន 7ព្រះក៏ជួយទាស់នឹងពួកភីលីស្ទីន ពួកអារ៉ាប់ ដែលនៅស្រុកគើរ-បាល និងពួកម៉ាអូនផង 8ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយព្រះបាទអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង 9មួយទៀត ព្រះបាទអូសៀសទ្រង់សង់ប៉មនៅក្រុងយេរូសាឡិម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់ 10ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម 11មួយទៀត ព្រះបាទអូសៀសទ្រង់មានពលទ័ពសុទ្ធតែជាមនុស្សចេះតស៊ូ ដែលចេញទៅច្បាំងដោយកងៗ តាមចំនួនគេដែលយីអែល ជាស្មៀន និងម្អាសេយ៉ា ជានាយ បានរាប់នៅក្រោមអំណាចហាណានា ជាមេទ័ពរបស់ស្តេច 12ឯពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេទាំងប៉ុន្មាន គឺជាមនុស្សខ្លាំងពូកែដែលមានចិត្តក្លាហាន នោះមានចំនួនពីរពាន់ប្រាំមួយរយនាក់ 13ហើយនៅក្រោមអំណាចគេ មានពលទ័ពបីសែនប្រាំពីរពាន់ប្រាំរយនាក់ ដែលចេញទៅច្បាំងដោយមានកម្លាំងយ៉ាងរឹងរបឹង សម្រាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ 14ព្រះបាទអូសៀសក៏ចាត់ចែងធ្វើខែល លំពែងមួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសម្រាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ 15ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សម្រាប់បាញ់ព្រួញ និងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកម្លាំងខ្លាំង។
មោទនភាព និងការបោះបង់
16ពេលស្ដេចមានកម្លាំងហើយ នោះមានព្រះហឫទ័យប៉ោងធំឡើង ត្រឡប់ជាខូចអស់ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប។ 17ប៉ុន្តែ សង្ឃអ័សារាចូលទៅតាមក្រោយស្ដេច ដោយមានពួកសង្ឃនៃព្រះយេហូវ៉ាចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែមានចិត្តមុតមាំទៅជាមួយ។ 18សង្ឃទាំងនោះបានឃាត់ព្រះបាទអូសៀស ដោយពាក្យថា៖ «ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា មិនមែនជាតួនាទីរបស់ទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅសង្ឃអើរ៉ុន ដែលបានញែកជាបរិសុទ្ធ សម្រាប់ដុតកំញាន ចូរចេញពីទីបរិសុទ្ធនេះទៅ ព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ»។ 19ដូច្នេះ ព្រះបាទអូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តរបស់ទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ ក៏លេចឡើងត្រង់ថ្ងាស នៅចំពោះមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ 20អ័សារា ជាសម្ដេចសង្ឃ និងពួកសង្ឃឯទៀត លោកបានពិនិត្យមើលឃើញទ្រង់កើតឃ្លង់នៅថ្ងាសដូច្នោះ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់ចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់។ 21ព្រះបាទអូសៀសមានរោគឃ្លង់រហូតដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងដាច់ពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជម្រះពួកអ្នកស្រុកផង។ 22រីឯកិច្ចការផ្សេងទៀតពីព្រះបាទអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់។ 23ព្រះបាទអូសៀសផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយបុព្វបុរសរបស់ទ្រង់ទៅ ដ្បិតគេថាទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
Currently Selected:
២ របាក្សត្រ 26: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies