២ របាក្សត្រ 22
22
រាជ្យរបស់ស្តេចអ័ហាស៊ីយ៉ា
1ពួកអ្នកក្រុងយេរូសាឡិម គេតាំងអ័ហាស៊ីយ៉ា ជាបុត្រាពៅរបស់ទ្រង់ឡើងធ្វើជាស្តេចជំនួសបិតា ដោយព្រោះកងទ័ពខាងសាសន៍អារ៉ាប់ ដែលឡើងមកឯទីបោះទ័ព គេបានសម្លាប់ព្រះជេដ្ឋាទ្រង់ទាំងអស់ទៅ គឺយ៉ាងនោះដែលអ័ហាស៊ីយ៉ា ជាបុត្រាយេហូរ៉ាម ស្តេចយូដាបានសោយរាជ្យ។ 2កាលព្រះបាទអ័ហាស៊ីយ៉ាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបពីរព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានមួយឆ្នាំ មាតាទ្រង់ព្រះនាមថា អ័ថាលា ជាបុត្រីអំរី។ 3ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សព្រះបាទអ័ហាប់ដែរ ព្រោះមាតាទ្រង់ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់ 4ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ដ្បិតក្រោយដែលបិតាទ្រង់បានសុគតទៅ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស។ 5ទ្រង់ចេះតែប្រព្រឹត្តតាមដំបូន្មានរបស់គេ ក៏ទៅជាមួយព្រះបាទយេហូរ៉ាម ជាបុត្ររបស់ព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែល ដើម្បីច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ត្រង់ក្រុងរ៉ាម៉ូត-កាឡាតដែរ ឯពួកស៊ីរី គេធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។ 6រួចទ្រង់វិលទៅក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើនៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចព្រះបាទអ័ហាស៊ីយ៉ា ជាបុត្រាព្រះបាទយេហូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់ព្រះបាទយ៉ូរ៉ាម ជាបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន។
7រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់ព្រះបាទយ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតពេលទ្រង់បានទៅដល់ហើយ ក៏យាងចេញទៅជាមួយយេហូរ៉ាម ទាស់នឹងលោកយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឲ្យបានបំផ្លាញវង្សរបស់ព្រះបាទអ័ហាប់។ 8ពេលលោកយេហ៊ូវកំពុងតែសម្រេចទោសដល់វង្សរបស់ព្រះបាទអ័ហាប់ នោះលោកក៏ឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាព្រះបាទអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសម្លាប់គេទាំងអស់។ 9លោកក៏រកព្រះបាទអ័ហាស៊ីយ៉ា ដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់នាំមកដល់យេហ៊ូវ រួចគេសម្លាប់ចោល ហើយបញ្ចុះសពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រព្រះបាទយេហូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះហឫទ័យ ដូច្នេះ ក្នុងវង្សរបស់ព្រះបាទអ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។
ព្រះនាងអ័ថាលាដណ្តើមអំណាចនៅក្រុងយេរូសាឡិម
10ពេលព្រះនាងអ័ថាលា ជាមាតាព្រះបាទអ័ហាស៊ីយ៉ា ឃើញថារាជបុត្របានសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់។ 11ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីស្តេច បានលួចយកយ៉ូអាស ជាបុត្រាព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រាដែលត្រូវគេសម្លាប់នោះ។ ព្រះនាងបានដាក់យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ ព្រះនាងយ៉ូសេបា បុត្រីព្រះបាទយេហូរ៉ាម ភរិយារបស់សង្ឃយេហូយ៉ាដា ត្រូវជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ា បានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នោះ ដើម្បីឲ្យបានរួចពីស្លាប់។ 12រាជកុមារក៏នៅជាមួយគេ ដោយលាក់ខ្លួនក្នុងព្រះដំណាក់របស់ព្រះ អស់ប្រាំមួយឆ្នាំ ក្នុងពេលដែលព្រះនាងអ័ថាលាគ្រងរាជ្យលើស្រុកនោះ។
Currently Selected:
២ របាក្សត្រ 22: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies