២ របាក្សត្រ 10
10
ការបះបោរប្រឆាំងនឹងស្ដេចរេហូបោម
1រេហូបោមបានយាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាបានមកក្រុងស៊ីគែម ដើម្បីនឹងអភិសេកទ្រង់ឡើងជាស្តេច។ 2ពេលយេរ៉ូបោម ជាកូននេបាត (ដ្បិតទ្រង់នៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ចេញពីព្រះបាទសាឡូម៉ូន) បានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ។ 3គេបានចាត់មនុស្សឲ្យទៅហៅលោកមក រួចយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖ 4«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។ 5ទ្រង់មានរាជឱង្ការថា៖ «ចាំបីថ្ងៃទៀត សូមត្រឡប់មកជួបយើងវិញ» ប្រជាជនទាំងឡាយក៏នាំគ្នាចេញទៅ។
6បន្ទាប់មក ស្តេចរេហូបោមបានប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្ដេចនៅមានព្រះជន្មនៅឡើយ ដោយនិយាយថា៖ «តាមគំនិតរបស់អ្នករាល់គ្នា តើត្រូវឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?» 7គេទូលឆ្លើយថា៖ «ប្រសិនបើទ្រង់ប្រព្រឹត្តនឹងបណ្ដាជននេះ ដោយសប្បុរស ហើយផ្គាប់ចិត្តគេ ព្រមទាំងមានរាជឱង្ការនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ 8ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតរបស់ពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សាជាមួយពួកក្មេងៗស្រករនឹងទ្រង់ ជាពួកជំនិតរបស់ទ្រង់វិញ។ 9ទ្រង់មានរាជឱង្ការថា៖ «តើអ្នករាល់គ្នាមានយោបល់យ៉ាងណា ដែលយើងឆ្លើយនឹងប្រជារាស្ត្រ ដែលគេបានសូមយើងថា "សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង"?» 10បន្ទាប់មក ពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា៖ «ឯប្រជារាស្ត្រនេះដែលមកទូលសូមទ្រង់ថា "បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង" ទ្រង់ត្រូវមានព្រះបន្ទូលឆ្លើយទៅគេយ៉ាងនេះវិញថា "កូនដៃយើងនឹងបានធំជាងភ្លៅរបស់បិតាយើង 11ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
12លុះដល់ថ្ងៃទីបី យេរ៉ូបោម និងបណ្ដាជនទាំងឡាយ ក៏មកគាល់ព្រះបាទរេហូបោម ដូចជាទ្រង់បានបង្គាប់ថា៖ «ដល់ថ្ងៃទីបី ចូរអ្នករាល់គ្នាត្រឡប់មកឯយើងវិញ»។ 13ស្ដេចមានរាជឱង្ការឆ្លើយដល់គេ ជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ 14គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកក្មេងៗនោះវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាមានទម្ងន់ តែយើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នា បានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នា ដោយខ្យាដំរីវិញ»។ 15ស្ដេចមិនព្រមស្តាប់តាមបណ្ដាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
16ពេលប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ គេទូលតបថា៖
«តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ?
យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ
ឱពួកអ៊ីស្រាអែលអើយ
ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ
ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។
ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅទីលំនៅគេវិញ។ 17ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។ 18ពេលស្តេចរេហូបោមបានចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា បានគប់ដុំថ្មសម្លាប់លោកចោលទៅ។ ដូច្នេះ ស្តេចរេហូបោមបានប្រញាប់ប្រញាល់ឡើងរាជរថ រត់ទៅឯក្រុងយេរូសាឡិម។ 19គឺយ៉ាងនេះហើយ ដែលប្រជាជនអ៊ីស្រាអែលបានបះបោរនឹងរាជវង្សរបស់ព្រះបាទដាវីឌដរាបដល់សព្វថ្ងៃ។
Currently Selected:
២ របាក្សត្រ 10: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies