១ ពេត្រុស 5:6-14
១ ពេត្រុស 5:6-14 គកស១៦
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។ ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។ ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។ សូមព្រះអង្គបានប្រកបដោយព្រះចេស្តា អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ខ្ញុំបានសរសេរសំបុត្រយ៉ាងខ្លីមកអ្នករាល់គ្នា តាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយធ្វើបន្ទាល់ថា នេះជាព្រះគុណរបស់ព្រះពិតប្រាកដមែន ចូរឈរឲ្យមាំមួនឡើង។ ក្រុមជំនុំនៅក្រុងបាប៊ីឡូន ដែលព្រះបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា។ សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបដែលកើតចេញពីចិត្តស្រឡាញ់។ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទ បានប្រកបដោយសេចក្តីសុខសាន្ត។ អាម៉ែន។:៚