YouVersion Logo
Search Icon

រ៉ូម 3

3
1ដូច្នេះ​តើ​សាសន៍​យូដា​ប្រសើរ​ជាង​គេ​យ៉ាង​ណា ហើយ​ការ​ខតាន់​មាន​សារ‌ប្រយោជន៍​យ៉ាង​ណា​ដែរ? 2សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង អុលឡោះ​បាន​ប្រគល់​បន្ទូល​មក​ឲ្យ​សាសន៍​យូដា។ 3បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​អុលឡោះ តើ​ចិត្ដ​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​អុលឡោះ​លែង​ស្មោះ​ត្រង់​ដែរ​ឬ? 4មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្ដី ក៏​អុលឡោះ​នៅ​តែ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថាៈ
«ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា ទ្រង់​សុចរិត
ឥត​ល្អៀង​ក្នុង​បន្ទូល​នៃ​ទ្រង់​សោះ​ឡើយ
ហើយ​ទ្រង់​នឹង​មាន​ជ័យ‌ជំនះ
នៅ​ពេល​ទ្រង់​កាត់​ក្ដី»
5ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​អុលឡោះ​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​អុលឡោះ​ដាក់​ទោស​យើង តើ​បាន​សេចក្ដី​ថា​ទ្រង់​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។ 6មិន​ដូច្នោះ​ទេ! ប្រសិន​បើ​អុលឡោះ​មិន​សុចរិត តើ​ឲ្យ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?
7មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​សច្ចៈ របស់​អុលឡោះ លេច​ចេញ​មក​យ៉ាង​ច្បាស់​ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ? 8បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន!
គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ទេ
9បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី​សុទ្ធ​តែ​មាន​បាប​គ្រង​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា 10ដូច​មាន​ចែង​ទុក​មក​ថា៖
«គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង
11 គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ
គ្មាន​នរណា​ម្នាក់​ស្វែង​រក​អុលឡោះ។
12 មនុស្ស​គ្រប់ៗ​គ្នា​បាន​វង្វេង
ចេញ​ឆ្ងាយ​ពី​អុលឡោះ​
ហើយ​វិ‌នាស​បាត‌បង់​ជា‌មួយគ្នា
គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ល្អរ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង»
13 «បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច
នៅ​បើក​ចំហ
អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ
បោក​បញ្ឆោត
មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពិស
ដូច​ពស់​វែក»។
14 «មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពាក្យ
អពមង្គល និង​ពាក្យ​ជូរ​ចត់»
15 «ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម
16 គេ​ទៅ​កន្លែង​ណា
កន្លែង​នោះ​ខ្ទេច​ខ្ទី​អន្ដរាយ​អស់។
17 គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្ដិ‌ភាព​ទេ»
18 «គេ​រស់​ដោយ​មិន​កោត​ខ្លាច​អុលឡោះ​
សោះ​ឡើយ»
19យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ហ៊ូកុំ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​អុលឡោះ។ 20ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ទ្រង់ ដោយ​ការ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ទេ ព្រោះ​ហ៊ូកុំ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។
អុលឡោះ​ប្រោស​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស
21ឥឡូវ​នេះ អុលឡោះ​សំដែង​ឲ្យ​យើង​ដឹង អំពី​របៀប​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​អុលឡោះ​មិន​គិត​ពី​ហ៊ូកុំ​ទេ ដូច​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី បាន​បញ្ជាក់​ទុក​ស្រាប់។ 22អុលឡោះ​រាប់​អ្នក​ដែល​មាន​ជំនឿ លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ឲ្យ​បាន​សុចរិត គឺ​អុលឡោះ​ធ្វើ​ដូច្នេះ ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ 23គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ដ​អំពើ​បាប ហើយ​គ្មាន​សិរី‌រុង‌រឿងរបស់​អុលឡោះ​នៅ​ជា​មួយ 24តែ​ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​រាប់​គេ​ឲ្យ​បាន​សុចរិត​ដោយ​ឥត​គិត​ថ្លៃ។ 25អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប 26ក្នុង​គ្រា​ដែល​អុលឡោះ​អត់​ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ អុលឡោះ​ពេញ​ចិត្ត​បង្ហាញ​អំពី​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត ដើម្បី​សំដែង​ថា​អុលឡោះ​សុចរិត ហើយ​ទ្រង់​រាប់​អ្នក​ដែល​ជឿ​លើ​អ៊ីសា​ឲ្យ​បាន​សុចរិត​ផង​ដែរ។
27ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួត‌អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ 28ដ្បិត​យើង​យល់​ថា អុលឡោះ​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។ 29បើ​មិន​ដូច្នោះ​ទេ អុលឡោះ​ជា​ម្ចាស់​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ! តើ​អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​សាសន៍​ដទៃ​ផង​ដែរ​ទេ​ឬ? មែន! អុលឡោះ​ក៏​ជា​ម្ចាស់​របស់​សាសន៍​ដទៃ​ដែរ។ 30មាន​អុលឡោះ​តែ​មួយ​ប៉ុណ្ណោះ ដែល​រាប់​សាសន៍​យូដា​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​រាប់​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។ 31ដូច្នេះ​តើ​មាន​ន័យ​ថា យើង​យក​ជំនឿ​មក​លុប​បំបាត់​ហ៊ូកុំ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​យើង​ធ្វើ​ឲ្យ​ហ៊ូកុំ​រឹត​តែ​មាន​តម្លៃ​ថែម​ទៀត។

Currently Selected:

រ៉ូម 3: អគត

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in