YouVersion Logo
Search Icon

ម៉ាថាយ 4

4
ណាពី​អ៊ីសា​ឈ្នះ​ការ​ល្បួង
1ពេល​នោះ រស‌អុលឡោះ​នាំ​អ៊ីសា​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​អ៊ីព្លេស‌ហ្សៃតន​ល្បួង 2បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក អ៊ីសា​ក៏​ឃ្លាន។
3អ៊ីព្លេស​ចូល​មក​ជិត​អ៊ីសា ពោល​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»។ 4ប៉ុន្ដែ អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា“មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ »។ 5ពេល​នោះ អ៊ីព្លេស​នាំ​អ៊ីសា​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​បរិសុទ្ធ ដាក់​អ៊ីសា​លើ​កំពូល​ម៉ាស្ជិទ 6ហើយ​ពោល​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អុលឡោះ​នឹង​បញ្ជា​ឲ្យ​ម៉ាឡា‌អ៊ីកាត់​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។ 7អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «ក្នុង​គីតាប​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ឡើយ”»។ 8អ៊ីព្លេស​ក៏​នាំ​អ៊ីសា​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​អ៊ីសា​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។ 9អ៊ីព្លេស​ជម្រាប​អ៊ីសា​ថា៖ «ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។ 10អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «អ៊ីព្លេស‌ហ្សៃតន​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។ 11ពេល​នោះ អ៊ីព្លេស​ក៏​ចាក​ចេញ​ពី​អ៊ីសា​ទៅ ហើយ​មាន​ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​ចូល​មក​ជួប និង​បម្រើ​អ៊ីសា។
ណាពី​អ៊ីសា​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ
12កាល​អ៊ីសា​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​យ៉ះយ៉ា​យក​ទៅ​ឃុំ‌ឃាំង​ហើយ គាត់​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ 13អ៊ីសា​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់‌យូឡូន និង​តំបន់​ណែប‌ថាលី 14ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​អេសាយ​ថា៖
15 «ដែន​ដី​សាប់‌យូឡូន និង​ដែន​ដី​ណែប‌ថាលី
ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ!
ស្រុក​ខាង​នាយ​ទន្លេយ័រ‌ដាន់
ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ!
16 ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ
លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»
17តាំង​ពី​គ្រា​នោះ​មក អ៊ីសា​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ដ​គំនិត ដ្បិត​នគរ​នៃ​អុលឡោះ​នៅ​ជិត​បង្កើយ​ហើយ!»។
ណាពី​អ៊ីសាត្រាស់​ហៅ​សិស្ស​បួន​នាក់
18កាល​អ៊ីសា​ដើរ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ គាត់​ឃើញ​បង​ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អន‌ទ្រេ ជា​ប្អូន​របស់​គាត់។ 19អ៊ីសា​មានប្រសាសន៍​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ 20អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​អ៊ីសា​ទៅ។ 21អ៊ីសា​ដើរ​ទៅ​មុខ​ឆ្ងាយ​បន្ដិច គាត់​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកកូប និង​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ អ៊ីសា​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ 22អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​អ៊ីសា​ទៅ។
23អ៊ីសា​ដើរ​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ គាត់​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន ឲ្យ​បាន​ជា​ផង។ 24កិត្ដិនាម​របស់​អ៊ីសា​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អ៊ីព្លេស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​អ៊ីសា អ៊ីសា​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។ 25មាន​មហា‌ជន​ជា​ច្រើន ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ នាំ​គ្នា​ដើរ​តាម​អ៊ីសា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy