YouVersion Logo
Search Icon

ម៉ាថាយ 26

26
ការ​ឃុប‌ឃិត​ចាប់​ណាពី​អ៊ីសា
1កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ 2«អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​រំលង គេ​នឹង​ចាប់​បុត្រា​មនុស្ស​បញ្ជូន​ទៅ​ឆ្កាង»។
3ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​មូស្ទី ឈ្មោះ​កៃផាស 4ហើយ​បាន​សម្រេច​ចិត្ដ​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​អ៊ីសា​យក​ទៅ​សម្លាប់។ 5ប៉ុន្ដែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។
ស្ដ្រី​ម្នាក់​ចាក់​ប្រេង​លើ​សក់​ណាពី​អ៊ីសា
6អ៊ីសា​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ 7មាន​ស្ដ្រី​ម្នាក់​ចូល​មក​រក​អ៊ីសា ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លប់។ ពេល​អ៊ីសា​កំពុង​ពិសា​បាយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​សក់​គាត់។ 8ពួក​សិស្ស​ឃើញ​ដូច្នេះ​ទាស់​ចិត្ដ​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​អ៊ីចឹង! 9បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។ 10អ៊ីសា​ជ្រាប​គំនិត​របស់​គេ គាត់​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ 11អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយ​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ 12នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។ 13ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។
យូដាស​អ៊ីស្ការី‌យ៉ុត​ក្បត់​ណាពី​អ៊ីសា
14ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស​អ៊ីស្ការី‌យ៉ុត បាន​ទៅ​ជួប​ក្រុម​អ៊ីមុាំ 15ជម្រាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​អ៊ីសា​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ ពួក​អ៊ីមុាំ​ក៏​រាប់​ប្រាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង។ 16ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​អ៊ីសា។
ណាពី​អ៊ីសា​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស
17នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ សិស្ស​នាំ​គ្នា​មក​ជួប​អ៊ីសា​សួរ​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀង ជូន​ក្នុង​ឱកាស​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។ 18អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទី‌ក្រុង ប្រាប់​គាត់​ថាៈ “តួន​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​តួន​ជិត​មក​ដល់​ហើយ តួន​នឹង​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​សិស្ស​តួន​នៅ​ក្នុង​ផ្ទះ​អ្នក”»។ 19សិស្ស​នាំ​គ្នា​ធ្វើ​តាម ដូច​អ៊ីសា​បង្គាប់ ហើយ​រៀប‌ចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​រំលង។
20លុះ​ដល់​ល្ងាច អ៊ីសា​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់។ 21នៅ​ពេល​បរិភោគ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ 22ពួក​សិស្ស​ព្រួយ​ចិត្ដ​ក្រៃ‌លែង ម្នាក់ៗ​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! តើ​ខ្ញុំ​ឬ?»។ 23អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ។ 24បុត្រា​មនុស្ស​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​អំពី​គាត់​ស្រាប់។ ប៉ុន្ដែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រា​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ 25យូដាស​ជា​អ្នក​ក្បត់​អ៊ីសា សួរ​ថា៖ «តួន! តើ​ខ្ញុំ​ឬ?»។ អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។
ពិធី​ជប់‌លៀង​ចុង​ក្រោយ​បំផុត
26នៅ​ពេល​កំពុង​បរិភោគ អ៊ីសា​យក​នំបុ័ង​មក​កាន់ គាត់​សរ‌សើរ​តម្កើង​អុលឡោះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។ 27បន្ទាប់​មក​អ៊ីសា​យក​ពែង​មក​កាន់ អរ​គុណ​អុលឡោះ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ប្រសាសន៍​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ 28នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។ 29ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​នគរ​នៃ​អុលឡោះ​ជា​បិតា​ខ្ញុំ»។ 30ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង​រួច​ហើយ អ៊ីសា​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។
ណាពី​អ៊ីសា​ប្រាប់​អំពី​ពេត្រុស បដិសេធ​មិន​ទទួល​ស្គាល់​គាត់
31ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល។ 32ប៉ុន្ដែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។ 33ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះ‌បង់​ចោល​តួន​ទាំង​អស់​គ្នា​ក៏​ដោយ ក៏​ខ្ញុំ​មិន​សុខ​ចិត្ដ​បោះ‌បង់​ចោល​តួន​ជា​ដាច់​ខាត!»។ 34អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ 35ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «ទោះ​បី​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​តួន​ក៏​ដោយ ក៏​ខ្ញុំ​មិន​បដិសេធ​ថា មិន​ស្គាល់​តួន​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ជម្រាប​អ៊ីសា ដូច​ពេត្រុស​ដែរ។
ណាពី​អ៊ីសា​ទូរអា​នៅ​ក្នុង​សួន​កេតសេ‌ម៉ានី
36ពេល​នោះ អ៊ីសា​ទៅ​ជា​មួយ​ពួក​សិស្ស​ដល់​កន្លែង​មួយ ឈ្មោះ​កេត‌សេ‌ម៉ានី គាត់​បាន​ប្រាប់​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​ទូរអា​នៅ​ត្រង់​កន្លែង​នោះ»។ 37អ៊ីសា​នាំ​ពេត្រុស និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ គាត់​ចាប់​ផ្ដើម​ព្រួយ​ចិត្ត ហើយ​ចុក​ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ 38អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី ជា​មួយ​ខ្ញុំ»។ 39អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។ 40អ៊ីសា​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ គាត់​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ​ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!»។ 41«ចូរ​ប្រុង​ស្មារតី ហើយ​ទូរអា​កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។
42អ៊ីសា​ចេញ​ទៅ​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ហើយ​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។
43អ៊ីសា​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ 44អ៊ីសា​ក៏​ចាក​ចេញ​ពី​គេ​ទៅ​ទូរអា​ជា​លើក​ទី​បី ហើយ​ទូរអា​ដោយ​ពាក្យ​ដដែល។ 45បន្ទាប់​មក អ៊ីសា​វិល​មក​រក​សិស្ស​វិញ មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រា​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។ 46ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ​មក​ជិត​ដល់​ហើយ!»។
គេ​ចាប់​ណាពី​អ៊ីសា
47អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ 48យូដាស​ដែល​នាំ​គេ​មក​ចាប់​អ៊ីសា បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។ 49កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​អ៊ីសា​ហើយនិយាយ​ថា៖ «សាឡាមមូអាឡៃគុមតួន!» រួច​ថើប​អ៊ីសា។ 50អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដា‌ជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​អ៊ីសា។ 51មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​អ៊ីសា បាន​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មូស្ទី ដាច់​ស្លឹក​ត្រចៀក។ 52អ៊ីសា​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ 53អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​អុលឡោះ​ជា​បិតា​ខ្ញុំ​ឲ្យ​ចាត់​ម៉ាឡា‌អ៊ីកាត់​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ? 54តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។
55ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ​បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ម៉ាស្ជិទ​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។ 56ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​អ៊ីសា ហើយ​រត់​បាត់​អស់​ទៅ។
អ៊ីសា​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
57លុះ​ចាប់​អ៊ីសា​បាន​ហើយ គេ​បណ្ដើរ​គាត់​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាស ជា​មូស្ទី។ ពួក​តួន និង​ពួក​អះលី‌ជំអះ ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ 58ពេត្រុស​ដើរ​តាម​អ៊ីសា​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទី‌ធ្លា​ខាង​ក្នុង​ដំណាក់​របស់​មូស្ទី ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ម៉ាស្ជិទ ចង់​ដឹង​ថា​ហេតុ‌ការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។
59ពួក​អ៊ីមុាំ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​អ៊ីសា ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​គាត់ 60ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក 61ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ម៉ាស្ជិទ​របស់​អុលឡោះ​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។ 62ពេល​នោះ មូស្ទី​ក្រោក​ឈរ​ឡើង សួរ​អ៊ីសា​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។ 63អ៊ីសា​នៅ​ស្ងៀម។ មូស្ទី​សួរ​អ៊ីសា​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​មែន​ឬ?»។ 64អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។ 65ពេល​នោះ មូស្ទី​ហែក​អាវ​របស់​លោកហើយ​និយាយ​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​អំបាញ់​មិញ​ស្រាប់! 66តើ​អស់​លោក​មាន​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។ 67គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​អ៊ីសា គេ​វាយ​តប់​គាត់ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង 68ទាំង​ពោល​ថា៖ «ទាយ​មើល៍ អាល់ម៉ា‌ហ្សៀស​អើយ អ្នក​ណា​វាយ​ឯង!»។
ពេត្រុស​បដិសេធ​មិន​ស្គាល់​ណាពី​អ៊ីសា
69ពេល​នោះ ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ធ្លា។ មាន​ស្ដ្រី​បម្រើ​របស់​មូស្ទី​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​អ៊ីសា ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។ 70ប៉ុន្ដែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។ 71ពេល​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ដ្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់​ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ 72ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី​ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។ 73បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សំដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។ 74ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​អុលឡោះ​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង 75ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy