YouVersion Logo
Search Icon

យ៉ះយ៉ា 2

2
ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា
1បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ម្តាយ​អ៊ីសា​នៅ​ទី​នោះ 2ហើយ​គេ​ក៏​បាន​អញ្ជើញ​អ៊ីសា និង​ពួក​សិស្ស​របស់​គាត់ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។ 3ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ។ ម្តាយ​អ៊ីសា​ជម្រាប​អ៊ីសា​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ!»។ 4អ៊ីសា​មាន​ប្រសាសន៍​ទៅ​ម្តាយ​ថា៖ «អ្នក​ម្ដាយ​អើយ! ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ 5ម្តាយ​របស់​អ៊ីសា​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។ 6នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។ 7អ៊ីសា​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។ 8អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅ‌មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ 9លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក មក​ចាក់​ពាង​ទើប​ដឹង។ 10គាត់​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។
11នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​អ៊ីសា​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​គាត់។ 12បន្ទាប់​មក អ៊ីសា​ចុះ​ទៅ​ក្រុង​កាពើ‌ណិម ជា​មួយ​ម្តាយ ព្រម​ទាំង​បង​ប្អូន និង​សិស្ស​របស់​គាត់ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ​ពេល​ខ្លី។
ណាពី​អ៊ីសា​បណ្ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ម៉ាស្ជិទ
13បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ អ៊ីសា​ក៏​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ 14នៅ​ក្នុង​បរិវេណ​ម៉ាស្ជិទ អ៊ីសា​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។ 15អ៊ីសា​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ម៉ាស្ជិទ អ៊ីសា​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។ 16អ៊ីសា​ប្រាប់​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​អុលឡោះ​ជា​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។ 17ពួក​សិស្ស​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា៖
«មក​ពី​ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​ទ្រង់
បាន​ជា​គេ​ប្រហារ​ជីវិត​ខ្ញុំ»
18ពេល​នោះ ជន‌ជាតិ​យូដា​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​មាន​ទី​សំគាល់​អ្វី បង្ហាញ​ឲ្យ​យើង​ដឹង​ថា​អ្នក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ 19អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ម៉ាស្ជិទ​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។ 20ជន‌ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ម៉ាស្ជិទ​នេះ រីឯ​អ្នក អ្នក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។ 21តាម​ពិត អ៊ីសា​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ម៉ាស្ជិទ ដែល​ជា​រូប​កាយ​របស់​គាត់​វិញ​ឯ‌ណោះ​ទេ។ 22ពេល​អ៊ីសា​បាន​រស់​ឡើង​វិញ​ពួក​សិស្ស​នឹក​ឃើញ​ថា អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ គេ​ក៏​ជឿ​គីតាប ព្រម​ទាំង​ជឿ​ពាក្យ​របស់​អ៊ីសា​ដែរ។
ណាពី​អ៊ីសា​យល់​ជម្រៅ​ចិត្ដ​មនុស្ស
23ពេល​អ៊ីសា​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ឱកាស​បុណ្យ​រំលង​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​នាម​អ៊ីសា ដោយ​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ។ 24ប៉ុន្ដែ អ៊ីសា​ពុំ​ទុក​ចិត្ដ​គេ​ទេ ដ្បិត​គាត់​ស្គាល់​ចិត្ដ​គំនិត​អ្នក​ទាំង​នោះ 25មិន​បាច់​មាន​នរណា​ពន្យល់​អ៊ីសា​អំពី​ចិត្ដ​មនុស្ស​ឡើយ ព្រោះ​អ៊ីសា​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ដ​មនុស្ស។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy