YouVersion Logo
Search Icon

ហេប្រឺ 7

7
ស្តេច​ម៉ិល‌គីស្សា‌ដែក​ជា​អ៊ីមុាំ
1ស្តេច​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ស្តេច​នៅ​ក្រុង​សាឡឹម និង​ជា​អ៊ីមុាំ​សម្រាប់​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្តេច​នេះ​បាន​ទៅ​ជួប​អ៊ីព្រហ៊ីម ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ស្តេច​ជូន​ពរ​គាត់។ 2អ៊ីព្រហ៊ីម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ជូន​ស្តេច​ម៉ិល‌គីស្សា‌ដែក។ ឈ្មោះ​របស់​ស្ដេច​នេះ​មាន​ន័យ​ថា«ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ដ»។ 3ស្តេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្តេច​ដូច​បុត្រា​របស់​អុលឡោះ ហើយ​ស្ថិត​នៅ​ជា​អ៊ីមុាំ​រហូត​ត​រៀង​ទៅ។
4សូម​បង​ប្អូន​ពិចារ‌ណា​មើល​ចុះ ស្តេច​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​អ៊ីព្រហ៊ីម​បុព្វ‌បុរស​របស់​យើង យក​អ្វីៗ​ដែល​គាត់​រឹប​អូស​បាន​ពី​ចំបាំង​ចំនួន​មួយ​ភាគ​ដប់​មក​ជូន​ដូច្នេះ! 5អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​ជំនូន​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន ស្រប​តាម​ហ៊ូកុំ គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម​ដូច​គ្នា។ 6ចំណែក​ឯ​ស្តេច​ម៉ិល‌គីស្សា‌ដែក​វិញ គាត់​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​គាត់​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​អ៊ីព្រហ៊ីម! ស្តេច​ក៏​ជូន​ពរ​ដល់​អ៊ីព្រហ៊ីម​ដែល​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​! 7ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។ 8លោក​លេវីដែល​ទទួល​ជំនូន​មួយ​ភាគ​ដប់​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ស្តេច​ម៉ិល‌គីស្សា‌ដែក​វិញ គាត់​មាន​ជីវិត​រស់​ដូច​គីតាប​បាន​បញ្ជាក់​ស្រាប់។ 9យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​ជំនូន​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ជូន​ស្តេច​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​អ៊ីព្រហ៊ីម​ដែរ 10ដ្បិត​នៅ​ពេល​ដែល​ស្តេច​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​អ៊ីព្រហ៊ីម​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​អ៊ីព្រហ៊ីម​នៅ​ឡើយ។
11មុខ‌ងារ​អ៊ីមុាំ ជា​គ្រឹះ​នៃ​គីតាប​ហ៊ូកុំ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​អ៊ីមុាំ​មួយ​ទៀត តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​អ៊ីមុាំ តាម​របៀប​ណាពី​ហារ៉ូន​ទៅ​វិញ?។ 12ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខ‌ងារ​អ៊ីមុាំ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ហ៊ូកុំ​ដែរ។ 13រីឯ​អ៊ីមុាំ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ គាត់​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​អ៊ីមុាំ​ឡើយ។ 14យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា អ៊ីសា‌ជាអម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ​យូដា។ ពេល​ណាពី​ម៉ូសា​និយាយ​អំពី​អ៊ីមុាំ គាត់​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។ 15ប្រសិន​បើ​មាន​ការ​តែង‌តាំង​អ៊ីមុាំ​មួយ​រូប​ទៀត ដូច​ស្តេច​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។ 16អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ តាម​ហ៊ូកុំ​ដែល​ជា​បទ​បញ្ជា​របស់​មនុស្ស​ឡើយ គឺ​គាត់​បាន​ទទួល​មុខ‌ងារ​នេះ​តាម​អំណាច​នៃ​ជីវិត​មិន​ចេះ​សាប​សូន្យ 17ដ្បិត​គីតាប​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា«អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក»18ដូច្នេះ បទ​បញ្ជា​ដែល​មាន​ពី​មុន​មក ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ 19ដ្បិត​ហ៊ូកុំ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​អុលឡោះ​បាន។
20លើស​ពី​នេះ មាន​បន្ទូល​សម្បថ​នៃ​អុលឡោះ។ អ៊ីមុាំ​ឯ​ទៀតៗ បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ ដោយ​គ្មាន​បន្ទូល​សម្បថ​ទេ។ 21រីឯ​អ៊ីសា​វិញ គាត់​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ ដោយ​អុលឡោះ​បាន​ស្បថ គឺ​អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីសា​ថា«“អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ”អុលឡោះ‌ជាអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែ‌ប្រួល​ឡើយ»22ដូច្នេះ ដោយ​មាន​បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា​អ៊ីសា​ធានា​រ៉ាប់‌រង នូវ​សម្ពន្ធ‌មេត្រី​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។
23លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​អ៊ីមុាំ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​អ៊ីមុាំ​ជា​អចិ‌ន្ដ្រៃយ៍​បាន​ឡើយ។ 24រីឯ​អ៊ីសា​វិញ គាត់​មាន​មុខ‌ងារ​ជា​អ៊ីមុាំ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​គាត់​នៅ​អស់‌កល្ប​ជា‌និច្ច។ 25ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។ 26មាន​តែ​មូស្ទី​ដ៏​ប្រសើរ​ដូច​អ៊ីសា​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មូស្ទី​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​សូរ៉កា​ទៅ​ទៀត។ 27អ៊ីសា​មិន​ត្រូវ​ការ​ធ្វើ​គូរបាន​រៀង​រាល់​ថ្ងៃ ដូច​មូស្ទី​ឯ​ទៀតៗ​ធ្វើ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​គាត់​បាន​ប្រគល់​រូប‌កាយ​គាត់​ផ្ទាល់​ជា​គូរបាន ម្ដង​ជា​សូរេច។ 28ហ៊ូកុំ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មូស្ទី។ រីឯ​បន្ទូល​សម្បថ​របស់​អុលឡោះ ដែល​មាន​មក​តាម​ក្រោយ​ហ៊ូកុំ បាន​តែង‌តាំង​បុត្រា​ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជា‌និច្ច ឲ្យ​ធ្វើ​ជា​មូស្ទី​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in