YouVersion Logo
Search Icon

ហេប្រឺ 5

5
1គេ​ជ្រើស​រើស​មូស្ទី​គ្រប់ៗ​គ្នា​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់‌ទង​ជា​មួយ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ជូន​ជំនូន និង​ធ្វើ​គូរបាន​រំដោះ​បាប​មនុស្ស។ 2មូស្ទី​អាច​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​គាត់​ផ្ទាល់​ក៏​ទន់​ខ្សោយ 3ហើយ​ដោយ​គាត់​ទន់​ខ្សោយ ដូច្នេះ គាត់​ត្រូវ​ធ្វើ​គូរបាន​សម្រាប់​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ និង​ប្រជា‌រាស្ដ្រ​រួច​ពី​បាប។ 4គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​អុលឡោះ​ត្រាស់​ហៅ​ដូច​ណាពី​ហារ៉ូន ទើប​បំពេញ​បាន។
5រីឯ​អាល់ម៉ា‌ហ្សៀស​វិញ​ក៏​ដូច្នោះ​ដែរ គាត់​ពុំ​បាន​លើក​តម្កើង​ខ្លួន​ផ្ទាល់​ធ្វើ​ជា​មូស្ទី​ឡើយ គឺ​អុលឡោះ​ទេ​តើ ដែល​បាន​តែង‌តាំង​គាត់ ដោយ​មាន​បន្ទូល​មក​កាន់​គាត់​ថា៖
«អ្នក​ជា​បុត្រា​របស់​យើង
គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ»
6អុលឡោះ​ក៏​មាន​បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖
«អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ
តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក»
7កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។ 8ថ្វី​ដ្បិត​តែ​អ៊ីសា​ជា​បុត្រា​ក៏​ដោយ គាត់​ក៏​បាន​រៀន​ស្ដាប់​បង្គាប់​ដោយ​រង‌ទុក្ខ​លំបាក។ 9បន្ទាប់​ពី​អ៊ីសា​បាន​គ្រប់​លក្ខណៈ​ហើយ គាត់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​គាត់ 10ហើយ​អុលឡោះ​ក៏​ប្រកាស​តែង‌តាំង​អ៊ីសា​ជា​មូស្ទី តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ដែរ។
ពាក្យ​ដាស់‌តឿន​ឲ្យ​តស៊ូ​ស្មោះ​ត្រង់​នឹង​ជំនឿ
11ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បង​ប្អូន​បែរ​ជា​ក្រ​នឹង​យល់។ 12តាម​ពិត​បង​ប្អូន​គួរ​តែ​បាន​ធ្វើ​ជា​តួន​បង្រៀន​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​បន្ទូល​របស់​អុលឡោះ​ឡើង​វិញ បង​ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។ 13អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀន‌ប្រដៅ​អំពី​សេចក្ដី​សុចរិតបាន​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។ 14មាន​តែ​មនុស្ស​ពេញ​វ័យប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធន៍​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in