YouVersion Logo
Search Icon

កំណើត​ពិភព​លោក 39

39
ណាពី​យូសុះ​នៅ​ស្រុក​អេស៊ីប
1ជន‌ជាតិ​អ៊ីស្មា‌អែល​បាន​នាំ​យូសុះ​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​គាត់​ឲ្យ​ជន‌ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​ជា​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។ 2អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ការ​អ្វី​ដែល​គាត់​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ គាត់​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​គាត់ ដែល​ជា​ជន‌ជាតិ​អេស៊ីប​នោះ។ 3ម្ចាស់​របស់​គាត់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ 4ប៉ូទីផារ​ពេញ​ចិត្ត​នឹង​យូសុះ​ណាស់ គាត់​ក៏​ឲ្យ​យូសុះ​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។ 5ចាប់​ពី​ពេល​ដែល​ប៉ូទី‌ផារ តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អេស៊ីប​នេះ ព្រោះ​តែ​យូសុះ ហើយ​អុលឡោះ​ក៏​ប្រទាន​ពរ​ដល់​អ្វីៗ​ទាំង​អស់ ដែល​ជា​កម្ម​សិទ្ធិ​របស់​គាត់ គឺ​ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចម្ការ។ 6គាត់​ប្រគល់​ឲ្យ​យូសុះ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ យូសុះ​មាន​រូប​រាង​សង្ហា​ណាស់។
7ក្រោយ​មក ភរិយា​ចៅ‌ហ្វាយ​របស់​យូសុះ ចាប់​ចិត្ត​ស្រឡាញ់​យូសុះ ហើយ​បបួល​គាត់​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ 8យូសុះ​បាន​បដិសេធ គាត់​ពោល​ទៅ​ភរិយា​ចៅ‌ហ្វាយ​របស់​គាត់​ថា៖ «ចៅ‌ហ្វាយ​របស់​ខ្ញុំ បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​គាត់​ឡើយ។ 9ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​វៀរ​លែង​តែ លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​គាត់។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​អុលឡោះ​បាន​ដែរ»។ 10ស្ត្រី​នោះ​លួង​លោម​យូសុះ ជា​រៀង​រាល់​ថ្ងៃ ឲ្យ​រួមរ័ក​ជា​មួយ​នាង តែ​យូសុះ​ពុំ​ព្រម​ធ្វើ​តាម​ពាក្យ​នាង​ឡើយ។ 11ថ្ងៃ​មួយ យូសុះ​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​គាត់​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បម្រើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ 12ភរិយា​របស់​ប៉ូទី‌ផារ​ក៏​ទាញ​អាវ​យូសុះ​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ យូសុះ​ក៏​ទុក​អាវ​គាត់​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។ 13ពេល​នាង​ឃើញ​យូសុះ​ទុក​អាវ​គាត់​ក្នុង​ដៃ​នាង និង​ឃើញ​យូសុះ​រត់​ចេញ​មក​ក្រៅ​ដូច្នេះ 14នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន‌ជាតិ​ហេប្រឺ​នេះ មក​ឲ្យ​មាក់‌ងាយ​យើង។ វា​ចូល​មក​បំរុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។ 15ពេល​វា​ឮ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង ដូច្នេះ វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។ 16នាង​បាន​ទុក​អាវ​របស់​យូសុះ នៅ​ជា​មួយ​នាង​រហូត​ទាល់​តែ​ប្ដី វិល​ត្រឡប់​មក​ផ្ទះ​វិញ។ 17នាង​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​លើ​ខ្ញុំ 18តែ​ដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។
19ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ចៅ‌ហ្វាយ​របស់​យូសុះ​ក្តៅ​ក្រ​ហាយ​យ៉ាង​ខ្លាំង។ 20គាត់​ឲ្យ​គេ​ចាប់​យូសុះ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ ដែល​គេ​ឃុំ​ឃាំង​អ្នក​ទោស​របស់​ស្តេច។
ណាពី​យូសុះ​នៅ​ក្នុង​ពន្ធនាគារ
ពេល​យូសុះ​ជាប់​ឃុំ​ឃាំង​នៅ​ទី​នោះ 21អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ហើយ​សំដែង​ចិត្ត​សប្បុរស​ចំពោះ​គាត់ គឺ​ធ្វើ​ឲ្យ​នាយក​ពន្ធនាគារ​មាន​ចិត្ត​សន្តោស​ដល់​គាត់។ 22នាយក​ពន្ធនាគារ​ប្រគល់​ឲ្យ​យូសុះ​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​យូសុះ​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ពន្ធនាគារ។ 23នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​យូសុះ​ធ្វើ​នោះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ កិច្ចការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy