YouVersion Logo
Search Icon

កំណើត​ពិភព​លោក 37

37
ប្រវត្តិ​របស់​ណាពី​យូសុះ
សុបិន​របស់​ណាពី​យូសុះ
1យ៉ាកកូប​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​គាត់​បាន​ចូល​ស្នាក់​នៅ។ 2នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​យ៉ាកកូប។ កាល​យូសុះ​នៅ​ពី​ក្មេង មាន​អាយុ​ដប់​ប្រាំ​ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​ប៊ីល‌ហា និង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យូសុះ​បាន​មក​រៀប​រាប់​ប្រាប់​ឪពុក អំពី​ពាក្យ​សំដី​អាក្រក់​របស់​បងៗ។ 3អ៊ីស្រ‌អែល​ស្រឡាញ់​យូសុះ​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ គាត់​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យូសុះ​ពាក់។ 4ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យូសុះ​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យូសុះ រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សំដី​ទន់​ភ្លន់​បាន​ឡើយ។
5យូសុះ​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។ 6គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្តាប់​សុបិន​របស់​ខ្ញុំ 7គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្តាប់​ស្រូវ​នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្តាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្តាប់​របស់​បងៗ បាន​មក​ព័ទ្ធ​ជុំ​វិញ​កណ្តាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​គោរព​ទៀត​ផង»។ 8បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់ ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។
9ក្រោយ​មក យូសុះ​យល់​សប្តិ​ម្តង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្តង​ទៀត​ដូច​តទៅ​គឺ ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​គោរព​ដល់​ខ្ញុំ»។ 10គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្តាយ បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​គោរព​ដល់​កូន​ឬ?»។ 11បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យូសុះ​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។
ណាពី​យូសុះ​ត្រូវ​គេ​ចាប់​យក​ទៅ​លក់
12នៅ​គ្រា​នោះ បងៗ​របស់​យូសុះ​បាន​នាំ​គ្នា​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក នៅ​ស៊ីគែម។ 13អ៊ីស្រ‌អែល​និយាយ​ទៅ​យូសុះ​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យូសុះ​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។ 14អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ យ៉ាកកូប​ក៏​ចាត់​យូសុះ ពី​ជ្រលង​ភ្នំ​ហេប្រូន​ឲ្យ​ទៅ​ស៊ីគែម។
15បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យូសុះ កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។ 16គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មក​រក​បងៗ​របស់​ខ្ញុំ សូម​ពូ​មេត្តា​ប្រាប់​ខ្ញុំ​ផង ថា​ពួក​គាត់​ឃ្វាល​ចៀម នៅ​កន្លែង​ណា»។ 17បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យូសុះ​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។
18កាល​គេ​បាន​ឃើញ​យូសុះ​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ថា នឹង​សម្លាប់​គាត់​ចោល។ 19គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ! 20យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ណា​មួយ​រួច​ពោល​ថា មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។ 21ពេល​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យូសុះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី»។ 22រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្តូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យូសុះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។
23ពេល​យូសុះ​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។ 24គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្តូង។ អណ្តូង​នោះ​រីង​គ្មាន​ទឹក​ទេ។
25បន្ទាប់​មក​គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង​ទេស យក​ទៅ​ស្រុក​អេស៊ីប។ 26យូដា​ពោល​ទៅ​កាន់​បង‌ប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។ 27មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្តាប់​តាម​ពាក្យ​គាត់។ 28បន្ទាប់​មក​មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យូសុះ​ចេញ​ពី​អណ្តូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យូសុះ​ទៅ​ស្រុក​អេស៊ីប។
29កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ គាត់​មិន​ឃើញ​យូសុះ​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន 30រួច​ទៅ​ជួប​ប្អូនៗ​ប្រាប់​ថា៖ «បាត់​ក្មេង​នោះ​ហើយ! តើ​បង​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ 31គេ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យូសុះ​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។ 32បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ ទៅ​ឪពុក​ទាំង​ផ្តាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។ 33យ៉ាកកូប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យូសុះ​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។ 34យ៉ាកកូប​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់ និង​យក​បាវ​មក​ស្លៀក រួច​គាត់​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។ 35កូន​ចៅ​របស់​គាត់​ទាំង​ប្រុស​ទាំង​ស្រី នាំ​គ្នា​មក​រំលែក​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​គាត់​ឡើយ។ គាត់​និយាយ​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក​ទាំង​កាន់​ទុក្ខ!» ហើយ​គាត់​ក៏​យំ​អាឡោះ‌អាល័យ​កូន។
36រីឯ​យូសុះ​វិញ ជន‌ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឲ្យ​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy