YouVersion Logo
Search Icon

កំណើត​ពិភព​លោក 1

1
ដើម​កំណើត​ពិភព​លោក និង​ដើម​កំណើត​មនុស្ស​លោក
កំណើត​ពិភព​លោក
1កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ 2នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​រស‌អុលឡោះ​នៅ​រេ​រា​ពី​លើ​ផ្ទៃ​ទឹក។
3អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ 4អុលឡោះ​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ អុលឡោះ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ 5អុលឡោះ​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច​មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។
6អុលឡោះ​មាន​បន្ទូលថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង​មាំ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។ 7អុលឡោះ​បាន​បង្កើត​លំហ​ដ៏​រឹង​មាំ​នោះ អុលឡោះ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 8អុលឡោះ​ហៅ​លំហ​ដ៏​រឹង​មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។
9អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 10អុលឡោះ​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ អុលឡោះ​ហៅ​ថា “សមុទ្រ”។ អុលឡោះ​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។ 11អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន 12គឺ តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ អុលឡោះ​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 13ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។
14អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ 15ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សម្រាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
16អុលឡោះ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់។ អុលឡោះ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយដែរ។ 17អុលឡោះ​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី 18ដើម្បី​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ អុលឡោះ​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 19ពេល​នោះ​មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។
20អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ រស់​រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា​បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។
21អុលឡោះ​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក​រវ័ណ្ឌ ពាស​ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​អុលឡោះ​ក៏​បាន​បង្កើត​បក្សា​បក្សី តាម​ពូជ​របស់​វា​ដែរ។ អុលឡោះ​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 22អុលឡោះ​ប្រទាន​ពរ​ដល់​វា ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស​ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា​បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។ 23ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។
24អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 25អុលឡោះ​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ អុលឡោះ​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។
26អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ខ្លះ​ដូច​យើង ដើម្បី​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។
27អុលឡោះ​បាន​បង្កើត​មនុស្ស
ជា​តំណាង​របស់​អុលឡោះ
អុលឡោះ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ
ដូច​ទ្រង់
អុលឡោះ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។
28អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ 29អុលឡោះ​មាន​បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស​ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ ឲ្យ​អ្នក​រាល់​គ្នា ធ្វើ​ជា​អាហារ 30យើង​ក៏​ឲ្យ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សា​បក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
31អុលឡោះ​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​បង្កើត​មក អុលឡោះ​ឈ្វេង​យល់​ថា ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy