កូឡូស 4
4
1បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្ដអំពើណាដែលសុចរិត និងយុត្ដិធម៌ដល់អ្នកបម្រើរបស់ខ្លួនដោយដឹងថា បងប្អូនផ្ទាល់ ក៏មានម្ចាស់មួយនៅសូរ៉កាដែរ។
ពាក្យដាស់តឿន និងពាក្យសួរសុខទុក្ខផ្សេងៗ
2ចូរព្យាយាមទូរអា ហើយប្រុងស្មារតីក្នុងការទូរអានេះ ទាំងអរគុណអុលឡោះផង។ 3ចូរសូមអង្វរអុលឡោះឲ្យយើងដែរ ដើម្បីទ្រង់បើកទ្វារចំហឲ្យយើងមានឱកាសប្រកាសបន្ទូលរបស់អុលឡោះ គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់អាល់ម៉ាហ្សៀស ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ 4សូមអង្វរអុលឡោះ ឲ្យខ្ញុំអាចបកស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។ 5ចូរប្រព្រឹត្ដចំពោះអស់អ្នកដែលមិនមែនជាអូមាត់អ៊ីសា ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។ 6សូមបងប្អូននិយាយពាក្យសំដីទន់ភ្លន់ជានិច្ច មានខ្លឹមសារដើម្បីឲ្យបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។ 7លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាសហការីរបស់ ខ្ញុំក្នុងកិច្ចការរបស់អ៊ីសាជាអម្ចាស់ នឹងជម្រាបបងប្អូនឲ្យបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។ 8ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្ដបងប្អូនទៀតផង។ 9ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូណេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និងដ៏ជាទីស្រឡាញ់ ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជម្រាបបងប្អូនឲ្យជ្រាបអំពីសភាពការណ៍នៅទីនេះ។ 10លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជម្រាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។ 11រីឯលោកយូស្ទូស ក៏សូមជម្រាបសួរមកបងប្អូនផងដែរ។ ក្នុងចំណោមជនជាតិយូដា មានតែបងប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសម្រាប់នគរអុលឡោះជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្ដខ្ញុំទៀតផង។ 12លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើអាល់ម៉ាហ្សៀសអ៊ីសា ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយទូរអា ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្ដធ្វើតាមបំណងរបស់អុលឡោះ គ្រប់ជំពូកទាំងអស់។ 13ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំង សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកនៅស្រុកហេរ៉ាប៉ូល។ 14លោកគ្រូពេទ្យលូកាដ៏ជាទីស្រឡាញ់របស់យើង និងលោកដេម៉ាស ក៏សូមជម្រាបសួរមកបងប្អូនដែរ។ 15សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំអះដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។ 16ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណា ឲ្យក្រុមជំអះនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេដែរ។ 17សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្ដទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីអ៊ីសាជាអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។ 18ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំឃាំង។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស។
Currently Selected:
កូឡូស 4: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.