កិច្ចការ 28
28
លោកប៉ូលនៅកោះម៉ាល់ត៍
1កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ 2អ្នកកោះនោះបានទទួលយើងដោយចិត្ដសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ 3លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកំដៅភ្លើង ហើយចឹកដៃគាត់ជាប់។ 4កាលអ្នកកោះនោះឃើញពស់ចឹកដៃគាត់ជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ 5លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែគាត់ពុំឈឺចុកចាប់អ្វីទេ។ 6អ្នកកោះនោះរង់ចាំមើលលោកប៉ូល ហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្ដែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់គាត់សោះ គេក៏ដូរគំនិត ហើយបែរជាពោលថា លោកប៉ូលជាព្រះវិញ។
7នៅជិតនោះ មានដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងឲ្យស្នាក់នៅ យ៉ាងរាក់ទាក់ចំនួនបីថ្ងៃ។ 8ឪពុករបស់លោកពូព្លាសសម្រាន្តនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយទូរអាដាក់ដៃពីលើ និងប្រោសគាត់ឲ្យបានជា។ 9អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ 10ពួកគេបានសំដែងការគោរពគ្រប់យ៉ាង ចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។
លោកប៉ូលនៅក្រុងរ៉ូម
11បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។ 12លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ 13បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រ ទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។ 14នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។
រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្ដដូចតទៅៈ
15ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរគុណអុលឡោះ ហើយមានចិត្ដក្លាហានឡើងវិញ។
16លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្ដលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។
លោកប៉ូលប្រកាសបន្ទូលនៃអុលឡោះនៅក្រុងរ៉ូម
17បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបគាត់។ លុះគេមកជួបជុំគ្នាហើយ គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរសយើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ 18កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។ 19ប៉ុន្ដែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ស្តេចអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ 20ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល»។ 21អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដា ស្ដីអំពីអ្នកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីអ្នកដែរ។ 22យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
23គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ គាត់បានវែកញែក និងធ្វើជាបន្ទាល់អំពីនគររបស់អុលឡោះប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគីតាបហ៊ូកុំរបស់ណាពីម៉ូសា និងគីតាបណាពីមកពន្យល់បញ្ជាក់ប្រាប់គេអំពីអ៊ីសា។ 24មានពួកគេមួយផ្នែកបានជឿពាក្យដែលគាត់មានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ 25ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «រសអុលឡោះដ៏វិសុទ្ធមានបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈណាពីអេសាយពិតជាត្រូវមែន គឺរសអុលឡោះមានបន្ទូលថា៖
26 ចូរទៅរកប្រជារាស្ដ្រនោះ
ហើយប្រាប់ពួកគេថា:
អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ
អ្នករាល់គ្នាមើលមែន តែពុំឃើញទេ
27 ដ្បិតចិត្ដរបស់ប្រជារាស្ដ្រនេះរឹងណាស់
គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក
ដើម្បីកុំឲ្យឃើញ កុំឲ្យស្ដាប់ឮ
និងដើម្បីកុំឲ្យយល់
ហើយក៏មិនចង់កែប្រែចិត្ដគំនិតដែរ
ក្រែងលោយើងប្រោសគេឲ្យបានជា»។
28ហេតុនេះ សូមបងប្អូនជ្រាបថា អុលឡោះបានប្រទានបន្ទូល ស្ដីអំពីការសង្គ្រោះរបស់ទ្រង់ឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។ 29[កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង]។
30លោកប៉ូល បានស្នាក់នៅផ្ទះដែលគាត់បានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយគាត់តែងទទួលអស់អ្នកដែលមកជួបគាត់។ 31គាត់បានប្រកាសនគររបស់អុលឡោះ និងបង្រៀនគេអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដោយចិត្ដអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។
Currently Selected:
កិច្ចការ 28: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.