១យ៉ូហាន 4
4
តួនក្លែងក្លាយ
1កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានរសអុលឡោះនៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា រសនេះមកពីអុលឡោះមែនឬយ៉ាងណា ដ្បិតមានណាពីក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។ 2បងប្អូនអាចស្គាល់រសរបស់អុលឡោះបាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា អ៊ីសាអាល់ម៉ាហ្សៀសបានមកកើតជាមនុស្ស អ្នកនោះមានរសអុលឡោះមកពីអុលឡោះមែន 3តែអ្នកណាមិនទទួលស្គាល់ថា អ៊ីសាកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីអុលឡោះឡើយ គឺមកពីមេប្រឆាំងនឹងអាល់ម៉ាហ្សៀសវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងអាល់ម៉ាហ្សៀសកំពុងតែមក ឥឡូវនេះគេក៏នៅក្នុងពិភពលោកស្រាប់។
4កូនចៅអើយ អ្នករាល់គ្នាកើតមកពីអុលឡោះ ហើយអ្នករាល់គ្នាបានឈ្នះណាពីក្លែងក្លាយទាំងនោះ ដ្បិតទ្រង់ដែលនៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ 5អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសំដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។ 6រីឯយើងវិញ យើងកើតមកពីអុលឡោះ អ្នកណាស្គាល់អុលឡោះ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីអុលឡោះទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា រសអុលឡោះសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។
អុលឡោះជាសេចក្ដីស្រឡាញ់
7កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីអុលឡោះ។ អ្នកណាមានចិត្ដស្រឡាញ់ អ្នកនោះកើតមកពីអុលឡោះ ហើយក៏ស្គាល់អុលឡោះដែរ។ 8រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់អុលឡោះទេ ដ្បិតអុលឡោះជាសេចក្ដីស្រឡាញ់។ 9អុលឡោះបានសំដែងចិត្តស្រឡាញ់របស់ទ្រង់ក្នុងចំណោមយើង គឺទ្រង់បានចាត់បុត្រា តែមួយគត់របស់ទ្រង់ឲ្យមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារបុត្រានោះ។ 10សេចក្ដីស្រឡាញ់របស់អុលឡោះមានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ទ្រង់ គឺទ្រង់ទេតើដែលបានស្រឡាញ់យើង និងបានចាត់បុត្រារបស់ទ្រង់ឲ្យមកលះបង់ជីវិត លោះយើងឲ្យរួចពីបាបផង។ 11កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើអុលឡោះបានស្រឡាញ់យើងដល់កំរិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
12ពុំដែលមាននរណាបានឃើញអុលឡោះឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក អុលឡោះស្ថិតនៅជាប់នឹងយើង ហើយចិត្តស្រឡាញ់របស់ទ្រង់ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ 13យើងដឹងថា យើងស្ថិតនៅជាប់នឹងទ្រង់ ហើយទ្រង់ស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែករសរបស់ទ្រង់មកយើង។ 14រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា អុលឡោះជាបិតាបានចាត់បុត្រានៃទ្រង់ឲ្យមកសង្គ្រោះមនុស្សលោក។ 15អ្នកណាប្រកាសជំនឿថាអ៊ីសាពិតជាបុត្រារបស់អុលឡោះ អុលឡោះស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងទ្រង់ ដែរ។ 16រីឯយើងវិញ យើងបានស្គាល់ចិត្តស្រឡាញ់របស់អុលឡោះ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ អុលឡោះជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងអុលឡោះ ហើយអុលឡោះក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
17បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្ដរឹងប៉ឹង នៅថ្ងៃអុលឡោះវិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះយើងមានរបៀបរស់នៅដូចអ៊ីសាដែរ។ 18បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចឲ្យចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។
19រីឯយើងវិញ យើងមានចិត្ដស្រឡាញ់ ព្រោះអុលឡោះបានស្រឡាញ់យើងជាមុន។ 20បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់អុលឡោះ” តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់អុលឡោះដែលខ្លួនមើលពុំឃើញនោះបានដែរ។ 21យើងបានទទួលបទបញ្ជានេះពីអុលឡោះថា «អ្នកណាស្រឡាញ់អុលឡោះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។
Currently Selected:
១យ៉ូហាន 4: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.