ទំនុកដំកើង 96
96
1ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា
ចូរឲ្យជនទាំងឡាយ
នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ
2ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់
ចូរសំដែងចេញនូវសេចក្ដីសង្គ្រោះ
របស់ទ្រង់រាល់តែថ្ងៃតទៅ
3ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
ហើយពីការអស្ចារ្យរបស់ទ្រង់
នៅកណ្តាលបណ្តាជនទាំងឡាយ
4ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់
ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
5ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃ
សុទ្ធតែជារបស់ឥតប្រយោជន៍
តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
6កិត្តិយស នឹងតេជានុភាពនៅចំពោះទ្រង់
ឥទ្ធិឫទ្ធិ នឹងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់
7ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា
អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ
ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ
នឹងព្រះចេស្តា
8ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ
ចូរនាំយកដង្វាយចូលមកក្នុងទីលានរបស់ទ្រង់
9ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ
ឱផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ
10ចូរពោលនៅកណ្តាលអស់ទាំងសាសន៍
ថាព្រះយេហូវ៉ាទ្រង់គ្រប់គ្រង
ឯលោកីយ ក៏បានតាំងមាំមួននៅ នឹងរង្គើមិនបានឡើយ
ទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍ដោយទៀងត្រង់
11ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ
ហើយឲ្យផែនដីបានរីករាយឡើង
ឲ្យសមុទ្រលាន់ឮរំពងឡើង
ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ
12ចូរឲ្យស្រែចំការ នឹងរបស់ទាំងប៉ុន្មាន ដែលមាននៅ
ទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែង
នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង
ដោយអំណរដែរ
13គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក
គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី
ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត
ព្រមទាំងសាសន៍ទាំងប៉ុន្មាន
ដោយសេចក្ដីពិតត្រង់របស់ទ្រង់។
Currently Selected:
ទំនុកដំកើង 96: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.