សុភាសិត 2
2
1កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្តាំរបស់អញ ទុកនៅជាប់នឹងឯង 2ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ 3អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ 4បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ 5នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ 6ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក 7ទ្រង់បំរុងទុកសេចក្ដីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្ដីទៀងត្រង់ 8ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់ 9យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ 10ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង 11គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង 12ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច 13ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ 14ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់ 15ផ្លូវគេសុទ្ធតែក្ងិកក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ 16ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម 17ជាអ្នកដែលលះចោលគូសំឡាញ់ ដែលបានគ្នាពីក្រមុំកំឡោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន 18ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់វា នាំទៅឯពួកមនុស្សស្លាប់ 19ឯពួកអ្នកដែលទៅឯវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ 20ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត 21ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ 22តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ។
Currently Selected:
សុភាសិត 2: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.