ជនគណនា 21
21
1រីឯស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលនៅស្រុកខាងត្បូង កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ នោះទ្រង់ក៏ចេញមកច្បាំងនឹងគេ ហើយចាប់យកបានខ្លះ 2រួចពួកអ៊ីស្រាអែលគេតាំងសច្ចាដល់ព្រះយេហូវ៉ា ដោយពាក្យថា បើទ្រង់ប្រគល់សាសន៍នោះមកក្នុងកណ្តាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងគេអស់រលីង 3ព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយប្រគល់ពួកសាសន៍កាណាននោះមក រួចពួកអ៊ីស្រាអែលក៏បំផ្លាញគេ នឹងទីក្រុងគេទាំងអស់ទៅ គេហៅទីនោះថា ហោម៉ា។
4រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ 5ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់ 6នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន 7បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជំរាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ 8ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ 9ម៉ូសេក៏ធ្វើរូបពស់១ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ។
10ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ដំឡើងត្រសាលនៅត្រង់អូបូត 11រួចគេចេញពីអូបូត ទៅដំឡើងត្រសាលនៅត្រង់អ៊ីយេ-អាបារីម ក្នុងទីរហោស្ថាន ដែលជាប់ព្រំដែនខាងកើតនៃស្រុកម៉ូអាប់ 12ពីទីនោះ គេក៏ធ្វើដំណើរដើរទៅដំឡើងត្រសាល នៅត្រង់ច្រកភ្នំសេរេត 13ហើយចេញពីទីនោះ ដើរទៅដំឡើងត្រសាលឯត្រើយស្ទឹងអើណូនម្ខាង ជាស្ទឹងដែលហូរពីព្រំស្រុកអាម៉ូរីមកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែននៃស្រុកម៉ូអាប់ នៅជាកណ្តាលស្រុកម៉ូអាប់ នឹងស្រុកអាម៉ូរី 14ហេតុនោះបានជាមានពាក្យដំណាលក្នុងសៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ាថា «ការដែលទ្រង់ធ្វើនៅក្នុងស៊ូផា ហើយនៅច្រកភ្នំអើណូន 15គឺនៅជំរាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់» 16ពីទីនោះ គេមកដល់ប្អៀរ គឺជាអណ្តូង ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងម៉ូសេថា ចូរប្រមូលពួកបណ្តាជនឲ្យជុំគ្នា នោះអញនឹងឲ្យទឹកគេផឹក 17រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ 18ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា 19ពីម៉ាថាណាទៅដល់ណាហាលាល ពីណាហាលាលទៅដល់បាម៉ូត 20ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។
21នោះសាសន៍អ៊ីស្រាអែលគេចាត់សារទៅឯស៊ីហុនជាស្តេចសាសន៍អាម៉ូរីថា 22សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង យើងខ្ញុំនឹងមិនងាកបែរទៅក្នុងស្រែឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ យើងខ្ញុំនឹងដើរតាមតែថ្នល់ធំរបស់ស្តេចប៉ុណ្ណោះ រហូតដល់បានហួសផុតពីដែនស្រុកទ្រង់ទៅ 23តែស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ព្រំស្រុកទ្រង់ទេ គឺទ្រង់បានប្រមូលពួកជនទាំងអស់ ចេញទៅឯទីរហោស្ថានទាស់នឹងពួកអ៊ីស្រាអែលវិញ ក៏ច្បាំងវាយពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់ 24តែពួកអ៊ីស្រាអែលប្រហារទ្រង់ដោយមុខដាវទៅ ហើយក៏ចាប់យកស្រុកទ្រង់ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ដែលជាព្រំដែនរបស់សាសន៍អាំម៉ូន ឯព្រំដែននៃពួកកូនចៅអាំម៉ូននោះមាំណាស់ 25ពួកអ៊ីស្រាអែលក៏វាយយកអស់ទាំងទីក្រុងរបស់ពួកសាសន៍អាម៉ូរី ហើយអាស្រ័យនៅក្នុងទីក្រុងទាំងនោះ គឺក្នុងក្រុងហែសបូន នឹងតំបន់ទាំងប៉ុន្មាននៅជុំវិញទីក្រុងនោះ 26ឯហែសបូននេះ ជាទីក្រុងនៃស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចសាសន៍ម៉ូអាប់ ជាស្តេចពីមុន ហើយចាប់យកអស់ទាំងស្រុកពីកណ្តាប់ដៃនៃស្តេចនោះ រហូតដល់ស្ទឹងអើណូន 27ហេតុនោះបានជាគេតែងនិយាយដោយពាក្យសុភាសិតថា «ចូរមកក្នុងហែសបូន ឲ្យទីក្រុងរបស់ស៊ីហុនបានសង់ឡើង ហើយរៀបជាស្រេចផង 28ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្តាតភ្លើងពីទីក្រុងរបស់ស៊ីហុន ភ្លើងនោះបានឆេះក្រុងអើរ របស់ស្រុកម៉ូអាប់ ព្រមទាំងពួកម្ចាស់ទីខ្ពស់របស់ស្ទឹងអើណូន 29វេទនាដល់ឯង ម៉ូអាប់អើយ ឱពួកព្រះកេម៉ូសអើយ ឯងរាល់គ្នាត្រូវវិនាសហើយ ដ្បិតព្រះនៃឯងបានបញ្ជូនពួកកូនប្រុសរបស់ខ្លួន ឲ្យត្រូវរត់ នឹងពួកកូនស្រីឲ្យទៅជាឈ្លើយ ដល់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី 30យើងបានបាញ់តាមគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងក៏បានរំលាងស្រុករហូតដល់ណូផា គឺទៅដល់មេឌីបាផង» 31ដូច្នេះពួកអ៊ីស្រាអែលបាននៅក្នុងស្រុករបស់សាសន៍អាម៉ូរីនោះ 32រួចម៉ូសេចាត់គេទៅសង្កេតមើលឯក្រុងយ៉ាស៊ើ គេក៏ចាប់យកអស់ទាំងតំបន់នៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរី ដែលនៅស្រុកនោះ ឲ្យចេញទៅផង។
33រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី 34នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់ស្តេចនេះមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រ នឹងស្រុករបស់ទ្រង់ផង ត្រូវឲ្យឯងធ្វើដល់គេដូចជាឯងបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះដែរ 35ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ នឹងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។
Currently Selected:
ជនគណនា 21: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.