YouVersion Logo
Search Icon

លូកា 19

19
1លុះ​ទ្រង់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ក៏​យាង​កាត់​ទី​ក្រុង​ទៅ 2នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ 3គាត់​ខំ​រក​មើល​ព្រះ‌យេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ ហើយ​គាត់​ក៏​តូច​ទាប​ផង 4ដូច្នេះ គាត់​រត់​ទៅ​ពី​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ ព្រោះ​ទ្រង់​ត្រូវ​យាង​មក​តាម​នោះ 5កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់ នោះ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង​ឃើញ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក 6គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ 7កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូ‌រទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប 8ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូលបង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូលបង្គំ​នឹង​សង​គេ​១​ជា​៤​វិញ 9ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ 10ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់។
11កាល​គេ​កំពុង​តែ​ស្តាប់​សេចក្ដី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម 12ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ 13ក៏​ហៅ​ពួក​បាវ​១០​នាក់ មក​ប្រគល់​ប្រាក់​១០​ណែន​ដល់​គេ ដោយ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ 14ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ‌រាជ្យ​លើ​យើង​ទេ 15លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​និមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់ 16អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​១០​ណែន​ទៀត 17រួច​ទ្រង់​មាន​បន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច‌បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ 18អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត 19រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី‌ក្រុង​៥​ចុះ 20អ្នក​១​ទៀត​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង 21ដ្បិត​ទូលបង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត‌ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាប‌ព្រោះ 22នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាប‌ព្រោះ 23ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង 24ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ 25(អ្នក​ទាំង​នោះ​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​១០​ណែន​ហើយ) 26ដ្បិត​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង 27មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ‌រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។
28លុះ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​មុខ ឡើង​សំដៅ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 29កាល​យាង​ទៅ​ជិត​ដល់​ភូមិ​បេត‌ផាសេ នឹង​ភូមិ​បេថានី នៅ​ក្បែរ​ភ្នំ ដែល​ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ថា 30ត្រូវ​ចូល​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ដល់​ហើយ នោះ​នឹង​ឃើញ​កូន​លា​១ គេ​ចង​ទុក ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​វា​ដឹក‌នាំ​មក 31បើ​អ្នក​ណា​សួរ​អ្នក​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា 32ពួក​អ្នក​ដែល​ទ្រង់​បាន​ចាត់​នោះ ក៏​ទៅ​ឃើញ​មាន​ដូច​ជា​ទ្រង់​ប្រាប់ 33កំពុង​ដែល​គេ​ស្រាយ​កូន​លា ម្ចាស់​វា​ក៏​សួរ​ថា អ្នក​ស្រាយ​វា​ធ្វើ​អី 34គេ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា 35រួច​គេ​ដឹក​វា​ទៅ ថ្វាយ​ព្រះ‌យេស៊ូវ ក៏​ក្រាល​អាវ​គេ​លើ​ខ្នង ហើយ​ថ្វាយ​ទ្រង់​គង់ 36កំពុង​ដែល​ទ្រង់​យាង​ទៅ គេ​ក៏​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ 37លុះ​ទ្រង់​យាង​ជិត​ដល់​ហើយ គឺ​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​មក នោះ​ពួក​សិស្ស​ទ្រង់​ទាំង​ហ្វូង​ចាប់​តាំង​មាន​សេចក្ដី​រីក‌រាយ ក៏​ពោល​សរសើរ​ដល់​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អស់​ទាំង​ការ​ឫទ្ធិ‌បារមី ដែល​គេ​បាន​ឃើញ​នោះ 38គឺ​ពោល​ថា ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេម‌ក្សាន្ត​នៅ​ស្ថាន‌សួគ៌ នឹង​សិរី‌ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត 39នោះ​ពួក​ផារិស៊ី​ខ្លះ ដែល​នៅ​ក្នុង​បណ្តា​មនុស្ស គេ​ទូល​ទ្រង់​ថា លោក​គ្រូ ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង 40តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ 41កាល​ទ្រង់​យាង​ទៅ​បង្កើយ នឹង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា 42ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្ដី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត​ទៅ​អេះ ប៉ុន្តែ​ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ 43ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ‌វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស 44គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ ពី​ព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ។
45កាល​ទ្រង់​យាង​ចូល​ដល់​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ទ្រង់​ចាប់​តាំង​ដេញ​ពួក​អ្នក​ដែល​លក់​ដូរ​ចេញ 46ដោយ​បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ 47ទ្រង់​ក៏​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​អ្នក​ធំ ក្នុង​បណ្តាជន គេ​ខំ​ស្វែង​រក​ឱកាស​នឹង​បំផ្លាញ​ទ្រង់​ចេញ 48តែ​រក​ហេតុ​អ្វី​មិន​បាន​សោះ ពី​ព្រោះ​បណ្តាជន​កំពុង​ប្រុង​ស្តាប់​ទ្រង់​ណាស់។

Currently Selected:

លូកា 19: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy