យ៉ូស្វេ 9
9
1ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ ក្នុងស្រុកភ្នំ នឹងស្រុកទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺជាស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស កាលបានឮ 2នោះគេក៏ប្រមូលគ្នាទាំងអស់ ដើម្បីច្បាំងនឹងយ៉ូស្វេ ហើយនឹងសាសន៍អ៊ីស្រាអែល ដោយស្រុះចិត្តគ្នា។
3តែឯពួកទីក្រុងគីបៀន កាលគេបានឮពីការដែលយ៉ូស្វេបានធ្វើដល់ក្រុងយេរីខូរនឹងក្រុងអៃយ 4នោះគេក៏ប្រព្រឹត្តដោយឧបាយកល ក្លែងខ្លួនធ្វើជារាជទូតចូលមកមានទាំងបាវចាស់ៗ ដាក់ផ្ទុកលើលាគេ នឹងថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយបានចងខ្ជឹបវិញផង 5ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ផង ឯនំបុ័ងដែលយកមកសំរាប់បរិភោគតាមផ្លូវ នោះសុទ្ធតែស្វិត ហើយដុះផ្សិតអស់រលីង 6គេមកដល់យ៉ូស្វេក្នុងទីដំឡើងត្រសាល ត្រង់គីលកាល និយាយនឹងលោក ព្រមទាំងពួកអ៊ីស្រាអែលថា យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះសូមលោកតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ 7តែពួកអ៊ីស្រាអែលឆ្លើយនឹងពួកសាសន៍ហេវីនោះថា ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ ធ្វើដូចម្តេចឲ្យយើងតាំងសញ្ញានឹងអ្នករាល់គ្នាបាន 8នោះគេឆ្លើយតបទៅយ៉ូស្វេថា យើងខ្ញុំជាបាវបំរើលោកពិត តែយ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា 9គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ នឹងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ 10ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន នឹងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត 11ដូច្នេះពួកចាស់ទុំ នឹងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ គេបានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសំរាប់តាមផ្លូវ ទៅជួបនឹងលោកជំរាបថា យើងខ្ញុំជាបាវបំរើលោកហើយ ដូច្នេះ សូមតាំងសញ្ញានឹងយើងខ្ញុំចុះ 12ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សំរាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង 13ឯថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរទាំងនេះ ក៏ថ្មីសុទ្ធក្នុងកាលដែលយើងខ្ញុំបានចាក់ចូលពេញនោះដែរ តែមើល ឥឡូវនេះទៅជាកណ្តាចអស់វិញ សំលៀកបំពាក់នឹងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ 14នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ 15ដូច្នេះយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំ ក៏ស្បថនឹងគេដែរ។
16លុះដល់ផុត៣ថ្ងៃក្រោយដែលបានតាំងសញ្ញានឹងគេមក នោះក៏ឮថា ពួកអ្នកនោះជាអ្នកជិតខាងដែលនៅក្នុងស្រុកនោះវិញ 17ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ នឹងគារយ៉ាត់-យារីម១ 18តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំបានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នកដែលជាកំពូលនោះ 19តែពួកនោះនិយាយទៅពួកជំនុំទាំងអស់ថា យើងបានស្បថនឹងគេ ដោយនូវព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលហើយ ដូច្នេះយើងគ្មានច្បាប់នឹងពាល់គេឡើយ 20ចូរយើងធ្វើដូច្នេះនឹងគេវិញ ទុកឲ្យគេនៅរស់ចុះ ខ្លាចក្រែងមានសេចក្ដីក្រោធមកលើយើងរាល់គ្នា ដោយព្រោះសម្បថរបស់យើង 21រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។
22យ៉ូស្វេក៏ហៅគេមកសួរថា ហេតុអ្វីបានជាឯងរាល់គ្នាបានបញ្ឆោតយើងដូច្នេះ ដោយថា យើងខ្ញុំនៅឆ្ងាយពីលោកណាស់ តែឯងរាល់គ្នានៅជាមួយនឹងយើងវិញ 23ដូច្នេះឯងរាល់គ្នាត្រូវបណ្តាសាឥឡូវ ពួកឯងរាល់គ្នានឹងមិនដែលរួចពីការជាបាវបំរើឡើយ គឺត្រូវកាប់ឧស ហើយរែកទឹកសំរាប់ដំណាក់ព្រះនៃអញជានិច្ច 24គេក៏ឆ្លើយតបថា គឺដោយព្រោះមានគេប្រាប់មកយើងខ្ញុំប្របាទជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់បានបង្គាប់មកលោកម៉ូសេជាអ្នកបំរើទ្រង់ ឲ្យចែកស្រុកនេះទាំងអស់ដល់លោករាល់គ្នា ហើយបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ពីមុខលោកចេញ ហេតុនោះបានជាយើងខ្ញុំបានប្រព្រឹត្តយ៉ាងដូច្នេះ ដោយនឹកភ័យខ្លាចនឹងជីវិតយើងខ្ញុំជាខ្លាំង ដោយព្រោះលោករាល់គ្នា 25ឥឡូវនេះ មើលយើងខ្ញុំនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាស្រួល ហើយត្រឹមត្រូវចុះ 26យ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល ដើម្បីមិនឲ្យគេត្រូវស្លាប់ឡើយ 27នៅថ្ងៃនោះឯង យ៉ូស្វេបានដំរូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ នឹងសំរាប់អាសនានៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។
Currently Selected:
យ៉ូស្វេ 9: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.