យ៉ូស្វេ 3
3
1ឯយ៉ូស្វេលោកក្រោកពីព្រលឹម ហើយពួកកូនចៅអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចេញពីស៊ីទីម ទៅដល់ទន្លេយ័រដាន់ ក៏ស្នាក់នៅទីនោះសិនមុនដែលឆ្លងទៅ 2រួចក្រោយ៣ថ្ងៃមក ពួកនាយកក៏ដើរកាត់កណ្តាលទីដំឡើងត្រសាល បង្គាប់ដល់បណ្តាជនថា 3កាលណាឯងរាល់គ្នាឃើញហឹបនៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯងដើរទៅតាម 4តែត្រូវដើរឃ្លាតពីហឹបនោះ ចំនួនប្រហែលជា២ពាន់ហត្ថ កុំឲ្យចូលទៅជិតឡើយ ដើម្បីឲ្យឯងបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក ឯងរាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ 5យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង 6រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហឹបនៃសេចក្ដីសញ្ញានាំទៅឯមុខបណ្តាជនទៅ នោះគេក៏លើកយកហឹបនៃសេចក្ដីសញ្ញាសែងនាំមុខបណ្តាជនទៅ។
7ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកដំកើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ 8ត្រូវឲ្យឯងបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញា ថាកាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ហើយ នោះត្រូវចុះទៅឈរនៅក្នុងទឹកនោះទៅ។
9យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង 10រួចលោកប្រាប់ថា ឯងរាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី នឹងសាសន៍យេប៊ូសចេញពីមុខឯងរាល់គ្នាទៅជាមិនខាន 11គឺដោយហឹបនៃសេចក្ដីសញ្ញាផងព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់ 12ដូច្នេះចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ 13រួចកាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហឹបផងព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ហើយ នោះទឹកទន្លេនឹងត្រូវកាត់ផ្តាច់ គឺជាទឹកដែលហូរចុះពីលើនឹងកល់នៅនឹងជាគំនរ។
14ដូច្នេះកាលពួកបណ្តាជនបានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្ដីសញ្ញាទៅខាងមុខផង 15ហើយពួកសង្ឃដែលសែងហឹបបានមកដល់ទន្លេយ័រដាន់ ក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ដ្បិតទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ នៅពេញរដូវចំរូត) 16នោះទឹកដែលហូរចុះពីលើមក ក៏ឈប់នៅនឹង ឡើងជាគំនរពីទីចំងាយត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ហើយផ្នែកទឹកដែលហូរចុះទៅខាងសមុទ្រស្រុកវាល គឺជាសមុទ្រអំបិល នោះក៏ហូររីងអស់ទៅ រួចពួកបណ្តាជនគេឆ្លងដំរង់ចំទៅឯក្រុងយេរីខូរ 17ឯពួកសង្ឃដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គេក៏ឈរនឹង នៅដីស្ងួតនាបាតទន្លេយ័រដាន់ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ឆ្លងទៅនៅដីស្ងួតដែរ ទាល់តែពួកគេទាំងអស់បានឆ្លងផុតពីទន្លេទៅ។
Currently Selected:
យ៉ូស្វេ 3: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.