យ៉ូស្វេ 21
21
1នោះអស់ទាំងមេលើពួកវង្សានុវង្សនៃពូជអំបូរលេវី ក៏ចូលមកឯអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេជាកូននុន ហើយនឹងពួកមេលើវង្សានុវង្សទាំងប៉ុន្មាននៃពូជអំបូរកូនចៅអ៊ីស្រាអែល 2នៅត្រង់ស៊ីឡូរ ក្នុងស្រុកកាណានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដោយសារលោកម៉ូសេ ឲ្យចែកទីក្រុងខ្លះដល់យើងខ្ញុំ ទុកជាទីលំនៅ ព្រមទាំងដីនៅព័ទ្ធជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វយើងខ្ញុំផង 3ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ញែកទីក្រុងទាំងប៉ុន្មាននេះ ព្រមទាំងដីនៅជុំវិញ ពីក្នុងមរដករបស់គេ ឲ្យដល់ពួកលេវីតាមបង្គាប់ព្រះយេហូវ៉ា។
4គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន នឹងបេនយ៉ាមីន 5ឯពួកកូនចៅកេហាត់ដែលសល់ទាំងប៉ុន្មាន គេចាប់ឆ្នោតត្រូវទីក្រុង១០ ក្នុងពួកគ្រួនៃពូជអំបូរអេប្រាអិម ដាន់ នឹងម៉ាន៉ាសេ១ចំហៀង 6ឯពួកកូនចៅគើសុន គេចាប់ឆ្នោតត្រូវទីក្រុង១៣ ក្នុងពួកគ្រួនៃពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី នឹងម៉ាន៉ាសេ១ចំហៀង ដែលនៅស្រុកបាសាន 7ឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះចាប់ឆ្នោតត្រូវទីក្រុង១២ក្នុងពូជអំបូររូបេន កាឌ់ នឹងសាប់យូល៉ូន 8ពួកកូនចៅអ៊ីស្រាអែលបានចែកទីក្រុងទាំងនោះ ព្រមទាំងដីនៅជុំវិញ ឲ្យដល់ពួកលេវី ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ។
9ក្នុងពូជអំបូរពួកកូនចៅយូដា នឹងស៊ីម្មាន នោះគេបានឲ្យទីក្រុងទាំងនេះ ដូចជាមានឈ្មោះនៅក្រោមនេះស្រាប់ 10គឺសំរាប់ពួកគ្រួកេហាត់ជាកូនអើរ៉ុន ក្នុងពួកកូនចៅលេវី ដ្បិតគេចាប់ឆ្នោតបានលេខ១ 11គេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា នោះជាឪពុកអ័ណាក់) គឺជាក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងដីនៅជុំវិញផង 12តែស្រុកចំការ នឹងភូមិទាំងប៉ុន្មាននៅជុំវិញទីក្រុង គេបានឲ្យដល់កាលែប ជាកូនយេភូនេ ទុកជាកេរអាករវិញ 13ដូច្នេះ គេបានឲ្យក្រុងហេប្រុននេះ នឹងដីនៅជុំវិញ ដល់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងលិបណា នឹងដីនៅជុំវិញ 14យ៉ាទារ នឹងដីនៅជុំវិញ អែសធេម៉ូរ នឹងដីនៅជុំវិញ 15ហូឡូន នឹងដីនៅជុំវិញ ដេបៀរ នឹងដីនៅជុំវិញ 16អាយីន នឹងដីនៅជុំវិញ យូថា នឹងដីនៅជុំវិញ បេត-សេមែស នឹងដីនៅជុំវិញ គឺអស់ទីក្រុង៩ ក្នុងពូជអំបូរទាំង២នេះ 17ក្នុងពូជអំបូរបេនយ៉ាមីន ក៏ឲ្យក្រុងគីបៀន នឹងដីនៅជុំវិញ គេបា នឹងដីនៅជុំវិញ 18អាន៉ាថោត នឹងដីនៅជុំវិញ អាលម៉ូន នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 19ទីក្រុងរបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃទាំងអស់មាន១៣ ព្រមទាំងដីនៅជុំវិញផង។
20ឯពួកគ្រួកូនចៅកេហាត់ជាពួកលេវីដែលនៅសល់ នោះបានទីក្រុងជាចំណែកខ្លួន ក្នុងពូជអំបូរអេប្រាអិម 21គេឲ្យក្រុងស៊ីគែម នឹងដីនៅជុំវិញ ដល់ពួកនោះ នៅក្នុងស្រុកភ្នំអេប្រាអិម ទុកជាទីក្រុងពំនាក់សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងកេស៊ើរ នឹងដីនៅជុំវិញ 22គីបសែម នឹងដីនៅជុំវិញ នឹងបេត-ហូរ៉ុន នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 23ហើយក្នុងពូជអំបូរដាន់ នោះក៏ឲ្យអែលថ្កេរ នឹងដីនៅជុំវិញ គីបថោន នឹងដីនៅជុំវិញ 24អាយ៉ាឡូន នឹងដីនៅជុំវិញ កាថ-រីម៉ូន នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 25ហើយក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យត្អាណាក នឹងដីនៅជុំវិញ កាថ-រីម៉ូន នឹងដីនៅជុំវិញ ទាំងអស់មាន២ក្រុង 26ទីក្រុងរបស់ពួកគ្រួកូនចៅកេហាត់ដែលសល់នៅ ទាំងអស់មាន១០ ព្រមទាំងដីដែលនៅជុំវិញផង។
27ឯពួកកូនចៅគើសុន ក្នុងពួកគ្រួលេវី នោះគេឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាទីក្រុងពំនាក់ សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងដីនៅជុំវិញ ហើយប្អេសត្រា នឹងដីនៅជុំវិញ ទាំងអស់មាន២ក្រុង 28ហើយក្នុងពូជអំបូរអ៊ីសាខារ នោះក៏ឲ្យគីសយ៉ូន នឹងដីនៅជុំវិញ ដាប្រាត នឹងដីនៅជុំវិញ 29យ៉ារមុត នឹងដីនៅជុំវិញ អេន-កានីម នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 30ហើយក្នុងពូជអំបូរអេស៊ើរ នោះក៏ឲ្យមីសាល នឹងដីនៅជុំវិញ អាបដូន នឹងដីនៅជុំវិញ 31ហេលកាត នឹងដីនៅជុំវិញ រេហុប នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 32ហើយក្នុងពូជអំបូរណែបថាលី នោះក៏ឲ្យកេដេសដែលនៅក្នុងស្រុកកាលីឡេ នឹងដីនៅជុំវិញ គឺជាទីក្រុងពំនាក់សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងហាម៉ាត-ដោរ នឹងដីនៅជុំវិញ ការថាន នឹងដីនៅជុំវិញ ទាំងអស់មាន៣ក្រុង 33ទីក្រុងរបស់ពួកគើសុន តាមគ្រួគេ ទាំងអស់មាន១៣ព្រមទាំងដីនៅជុំវិញផង។
34ឯពួកគ្រួកូនចៅម្រ៉ារី គឺជាពួកលេវីដែលនៅសល់ គេបានឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរសាប់យូល៉ូន គឺយ៉ុកនាម នឹងដីនៅជុំវិញ ការថា នឹងដីនៅជុំវិញ 35ឌីមណា នឹងដីនៅជុំវិញ ណាហាឡាល នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 36ហើយក្នុងពូជអំបូររូបេន នោះក៏ឲ្យបេស៊ើរ នឹងដីនៅជុំវិញ យ៉ាហាស នឹងដីនៅជុំវិញ 37ក្តេម៉ូត នឹងដីនៅជុំវិញ មេផ្អាត នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 38ហើយក្នុងពូជអំបូរកាឌ់ នោះក៏ឲ្យរ៉ាម៉ូត ដែលនៅស្រុកកាឡាត នឹងដីនៅជុំវិញ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងម៉ាហាណែម នឹងដីនៅជុំវិញ 39ហែសបូន នឹងដីនៅជុំវិញ យ៉ាស៊ើរ នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង 40ទីក្រុងទាំងប៉ុន្មាននេះជារបស់ផងពួកកូនចៅម្រ៉ារី តាមគ្រួគេ គឺជាពួកគ្រួលេវីដែលសល់នៅ ឯចំណែករបស់គេ នោះមានទីក្រុង១២។
41ដូច្នេះ អស់ទាំងទីក្រុងរបស់ពួកលេវីដែលនៅក្នុងកេរ្តិ៍អាករនៃពួកកូនចៅអ៊ីស្រាអែល នោះមាន៤៨ ព្រមទាំងដីនៅជុំវិញផង 42ទីក្រុងទាំងនោះសុទ្ធតែមានដីនៅជុំវិញគ្រប់ៗគ្នា។
43ដូច្នេះ ឯស្រុកទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់ពួកឰយុកោ នោះទ្រង់បានប្រទានដល់ពួកអ៊ីស្រាអែលទាំងអស់ ហើយគេក៏បានចាប់យក ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះផង 44រួចព្រះយេហូវ៉ាក៏ប្រោសឲ្យគេមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ តាមគ្រប់ទាំងសេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោគេ គ្មានពួកខ្មាំងសត្រូវណាមួយអាចឈរនៅមុខគេបានឡើយ ពីព្រោះព្រះយេហូវ៉ាបានប្រគល់ទាំងអស់មកក្នុងកណ្តាប់ដៃគេហើយ 45ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ពួកវង្សអ៊ីស្រាអែល នោះបានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។
Currently Selected:
យ៉ូស្វេ 21: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.