យ៉ូស្វេ 1
1
1រីឯក្រោយដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា 2ម៉ូសេជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល 3អស់ទាំងទីកន្លែងណាដែលឯងដាក់ជើងជាន់ នោះអញនឹងឲ្យដល់ឯងរាល់គ្នា ដូចជាអញបានប្រាប់ម៉ូសេហើយ 4ឯព្រំប្រទល់របស់ឯងរាល់គ្នា នោះត្រូវចាប់តាំងពីទីរហោស្ថាន នឹងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ 5នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ 6ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ 7ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះ 8កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង 9តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
10នោះយ៉ូស្វេក៏បង្គាប់ដល់ពួកអ្នក ដែលជានាយកលើបណ្តាជនថា 11ចូរទៅឯកណ្តាលទីដំឡើងត្រសាលប្រកាសប្រាប់បណ្តាជនទាំងឡាយថា ចូរឲ្យត្រៀមស្បៀងអាហារទៅ ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យហើយ។
12យ៉ូស្វេក៏ប្រាប់ដល់ពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងថា 13ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកឯងរាល់គ្នាថា គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សំរាក ទ្រង់នឹងប្រទានស្រុកនេះដល់ឯងដែរ 14ឯប្រពន្ធកូនរបស់ឯងរាល់គ្នា នឹងហ្វូងសត្វទាំងប៉ុន្មាន នោះត្រូវនៅក្នុងស្រុកនេះ ដែលលោកម៉ូសេបានឲ្យដល់ឯងហើយ គឺខាងកើតទន្លេយ័រដាន់នេះចុះ តែឯឯងរាល់គ្នាដែលជាមនុស្សខ្លាំងពូកែស្ទាត់ជំនាញ ត្រូវឲ្យឆ្លងនាំមុខពួកបងប្អូនឯងទៅទាំងពាក់គ្រឿងសស្ត្រាវុធ ដើម្បីនឹងជួយបងប្អូនឯង 15ទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យគេឈប់សំរាក ដូចជាឯងដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកដែលជាកេរអាកររបស់ឯងវិញ ដើម្បីនឹងចាប់យកស្រុកដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានឲ្យមកឯង នៅត្រើយទន្លេយ័រដាន់ខាងកើតនេះ 16គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង 17យើងរាល់គ្នានឹងស្តាប់តាមលោកក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់លោកម៉ូសេដែរ ឲ្យតែព្រះយេហូវ៉ាជាព្រះនៃលោក បានគង់ជាមួយនឹងលោក ដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ 18ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកំឡាំងហើយចិត្តក្លាហានចុះ។
Currently Selected:
យ៉ូស្វេ 1: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.