អេសាយ 21
21
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីដំណើរវាលរហាលក្បែរសមុទ្រ។
ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់ស្រុកត្បូងដែរ 2មានការជាក់ស្តែងយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ អញបានរំងាប់ដំងូរចេញពីនោះហើយ 3ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ 4ទ្រូងខ្ញុំពើតខ្ទោកៗ សេចក្ដីស្ញែងខ្លាចយ៉ាងសំបើមបានបំភ័យខ្ញុំ វេលាព្រលប់ដែលជាពេលសប្បាយដល់ខ្ញុំ នោះបានត្រឡប់ជាវេលាតក់ស្លុតដល់ខ្ញុំវិញ 5គឺគេរៀបតុ ហើយដាក់ឲ្យចាំយាម រួចគេស៊ីគេផឹក ស្រាប់តែឮសំរែកថា ចូរក្រោកឡើងពួកមេទាំងឡាយអើយ ចូរលាបខែលទៅ 6ដ្បិតព្រះអម្ចាស់ទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការអ្វីដែលគេឃើញ 7គេក៏ឃើញកងទ័ព មានពលសេះដើរទន្ទឹមគ្នា១គូៗ ព្រមទាំងអ្នក១ជិះលើលា នឹងអ្នក១ជិះលើអូដ្ឋផង គេក៏ប្រុងស្តាប់អស់ពីចិត្ត 8រួចស្រែកមកដូចសិង្ហថា លោកម្ចាស់អើយ នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ 9មើល មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ រួចគេបន្លឺសំឡេងឡើងទៀតថា ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី។
10ឱពួកអ្នកដែលត្រូវបញ្ជាន់ ជាគ្រាប់ពូជនៅទីលានរបស់អញអើយ សេចក្ដីដែលបានឮមកពីព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានប្រាប់ដល់ឯងរាល់គ្នាហើយ។
11នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។
មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ 12អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។
13នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។
ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ 14គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារមកទទួលពួកអ្នកដែលរត់ 15ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់ ពីធ្នូដែលដំឡើងជាស្រេច ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម 16ពីព្រោះព្រះអម្ចាស់ទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា ក្នុងរវាង១ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសិរីល្អរបស់ពួកកេដារនឹងសូន្យបាត់ទៅ 17ហើយពួកពលធ្នូ ជាពួកមនុស្សខ្លាំងពូកែក្នុងពួកកូនចៅកេដារ ដែលនៅសល់ នឹងមានគ្នាតិចតួចទេ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលជាស្រេចហើយ។
Currently Selected:
អេសាយ 21: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.