Parallel
43
បេន‌យ៉ា‌មីន​ទៅ​ស្រុក​អេស៊ីព្ទ​ជា​មួយ​បងៗ
1ឯ​អំណត់​អត់​នៅ​ក្នុង​ស្រុក​នោះ​ក៏​ខ្លាំង​ណាស់ 2កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត 3តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ 4បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន 5តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ 6នោះ​អ៊ីស្រា‌អែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត 7គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ 8នោះ​យូដា​ក៏​អង្វរ​អ៊ីស្រា‌អែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀប‌ចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់ 9ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ 10ដ្បិត​បើ​យើង​ខ្ញុំ​មិន​បាន​បង្អង់​នៅ នោះ​ប្រាកដ​ជា​យើង​ខ្ញុំ​បាន​ទៅ​មក​២​សា​ហើយ 11អ៊ីស្រា‌អែល​ជា​ឪពុក​ក៏​ប្រាប់​ថា បើ​ដូច្នេះ​ធ្វើ​យ៉ាង​នេះ​ចុះ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ​ដាក់​ចុះ​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា​យក​ទៅ​ជូន​លោក​ផង គឺ​ជ័រ​ពិដោរ និង​ទឹក​ឃ្មុំ​បន្តិច ព្រម​ទាំង​គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ឈើ និង​គ្រាប់​ចំបក់ 12ហើយ​យក​ប្រាក់​១​ជា​២​នៅ​ដៃ​ឯង​រាល់​គ្នា​ទៅ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​លោក​គេ​ច្រឡំ 13រួច​ឲ្យ​នាំ​យក​ប្អូន​ឯង​វិល​ទៅ​ឯ​អ្នក​នោះ​ចុះ 14សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បណ្តាល​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បើក​ឲ្យ​បង​ឯង ហើយ​នឹង​បេន‌យ៉ា‌មីន​មក​វិញ​ដែរ ណ្ហើយ​ចុះ បើ​អញ​ត្រូវ​អត់​កូន នោះ​ក៏​ត្រូវ​តែ​ទ្រាំ​អត់​ទៅ​ចុះ។
យ៉ូសែប​ជួប​បង​ប្អូន​ជា​លើក​ទី​ពីរ
15គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​១​ជា​២​នៅ​ដៃ ហើយ​នាំ​បេន‌យ៉ា‌មីន​ទៅ​ដែរ រួច​គេ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​យ៉ូសែប 16កាល​យ៉ូសែប​ឃើញ​បេន‌យ៉ា‌មីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់ 17អ្នក​នោះ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​បង្គាប់​យ៉ូសែប 18គេ​ក៏​មាន​សេចក្ដី​ភិត‌ភ័យ ពី​ព្រោះ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា គឺ​ដោយ​ព្រោះ​ប្រាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​បាវ ឲ្យ​មក​យើង​វិញ ពី​កាល​ជាន់​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​នេះ ដើម្បី​ឲ្យ​លោក​បាន​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​យក​ធ្វើ​ជា​បាវ ព្រម​ទាំង​សត្វ​លា​ផង 19គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា 20ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ កាល​មុន​នោះ​យើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ 21រួច​កាល​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​សំណាក់ នោះ​យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​របស់​យើង​ខ្ញុំ​គ្រប់​ចំនួន​នៅ​ក្នុង​បាវ​រៀង​ខ្លួន ឥឡូវ​យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​នៅ​ដៃ​យើង​ខ្ញុំ​នេះ 22ក៏​បាន​យក​ប្រាក់​ផ្សេង​សំរាប់​នឹង​ទិញ​ស្បៀង​អាហារ​នៅ​ដៃ​យើង​ខ្ញុំ​ដែរ យើង​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ដាក់​ប្រាក់​នោះ​ទៅ​ក្នុង​បាវ​ទេ 23តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ 24ហើយ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ទាំង​យក​ទឹក​មក​ឲ្យ​លាង​ជើង រួច​គាត់​យក​ចំបើង​ឲ្យ​លា​គេ​ស៊ី​ដែរ 25ឯ​គេ​ក៏​រៀប‌ចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។
26កាល​យ៉ូសែប​បាន​មក​ដល់​ផ្ទះ នោះ​គេ​យក​ជំនូន​ដែល​នៅ​ដៃ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់ 27គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់​ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ 28គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។
29លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ា‌មីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង 30យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់ 31រួច​លប់​មុខ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​ប្រាប់​ថា ចូរ​លើក​ម្ហូប​មក 32គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ 33ពួក​បង​ប្អូន​គាត់​ក៏​អង្គុយ​នៅ​មុខ​គាត់​ដោយ​លំដាប់ គឺ​បង​ច្បង​តាម​បង​ច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា 34មាន​គេ​យក​ចំណែក​ភោជ‌នាហារ​ពី​ចំពោះ​គាត់​ទៅ​ឲ្យ​គេ​គ្រប់​គ្នា តែ​បេន‌យ៉ា‌មីន​បាន​លើស​ជាង​គេ​១​ជា​៥​ភាគ នោះ​ទាំង​អស់​គ្នា​ក៏​បាន​បរិភោគ ដោយ​អរ​សប្បាយ​ជា​មួយ​គ្នា​ទៅ។