YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 21

21
1ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ដល់​សារ៉ា ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល គឺ​ទ្រង់​ធ្វើ​សំរេច​ឲ្យ​សារ៉ា តាម​ដែល​ទ្រង់​សន្យា 2សារ៉ា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ ត្រូវ​តាម​ពេល​កំណត់​ដែល​ទ្រង់​បាន​ប្រាប់​គាត់ 3អ័ប្រា‌ហាំ​គាត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​សារ៉ា​បាន​បង្កើត​នោះ​ថា អ៊ីសាក 4លុះ​កើត​មក​បាន​៨​ថ្ងៃ នោះ​អ័ប្រា‌ហាំ​ក៏​កាត់​ស្បែក​ឲ្យ ដូច​ជា​ព្រះ‌ទ្រង់​បង្គាប់​មក 5អ័ប្រា‌ហាំ​អាយុ​បាន​១០០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​អ៊ីសាក​កូន​គាត់​កើត​មក។
6សារ៉ា​និយាយ​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​សើច ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជា​មួយ​នឹង​អញ​ដែរ 7នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។ 8ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។
9សារ៉ា​ឃើញ​កូន​ដែល​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាន​បង្កើត​ឲ្យ​អ័ប្រា‌ហាំ​វា​សើច​ឡក​ឲ្យ 10នោះ​នាង​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ចូរ​បណ្តេញ​បាវ​ស្រី​នេះ នឹង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​បាវ​ស្រី​នេះ​មិន​ត្រូវ​ស៊ី​មរដក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ទេ 11តែ​សេចក្ដី​នោះ​នាំ​ឲ្យ​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ដោយ​ព្រោះ​កូន​គាត់ 12រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ័ប្រា‌ហាំ​ថា កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ ដ្បិត​ពូជ​ឯង​នឹង​បាន​រាប់​ដោយ‌សារ​តែ​អ៊ីសាក​ទេ 13ឯ​កូន​របស់​បាវ​ស្រី នោះ​គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​ដែរ ព្រោះ​វា​ជា​ពូជ​ឯង 14នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា 15ឯ​ទឹក​ក្នុង​ថង់​ស្បែក​ក៏​អស់​ទៅ រួច​នាង​ចោល​កូន​នៅ​ក្រោម​ដើម​ឈើ​តូច​១ 16ហើយ​ថយ​ទៅ​អង្គុយ​ប្រឈម‌មុខ​នឹង​វា ចំងាយ​ទី​១​ជួរ​ធ្នូ ដោយ​គិត​ថា កុំ​ឲ្យ​អញ​ឃើញ​កូន​ស្លាប់​ឡើយ ដូច្នេះ នាង​ក៏​អង្គុយ​ប្រឈម‌មុខ​នឹង​កូន ស្រែក​យំ​ឡើង 17ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ ហើយ​ទេវតា​នៃ​ព្រះ​ក៏​ហៅ​ហាការ​ពី​លើ​មេឃ​សួរ​ថា វា​ថ្វី ហាការ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ព្រះ‌ទ្រង់​បាន​ឮ​សំឡេង​របស់​កូន​ជំទង់​ពី​កន្លែង​វា​ហើយ 18ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​មក ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​វា​ត្រឡប់​ជា​សាសន៍១​យ៉ាង​ធំ 19រួច​ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​ហាការ​ឲ្យ​ឃើញ​អណ្តូង​ទឹក​១ នាង​ក៏​ទៅ​ដង​ដាក់​ពេញ​ថង់​ស្បែក​យក​មក​ឲ្យ​កូន​ផឹក 20ព្រះ‌ទ្រង់​ក៏​គង់​ជា​មួយ​នឹង​កូន​ជំទង់​នោះ វា​កាន់​តែ​ធំ​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ក៏​បាន​ត្រឡប់​ជា​អ្នក​ប្រមាញ់​ធ្នូ 21វា​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​នាំ​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។
22នៅ​វេលា​នោះ អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​មក​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ 23ដូច្នេះ សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​ខ្ញុំ​ត​រៀង​ទៅ ដោយ​សេចក្ដី​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ហើយ​ស្រុក​ដែល​អ្នក​បាន​សំណាក់​នៅ​នេះ​ដោយ​សេចក្ដី​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ 24អ័ប្រា‌ហាំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​សុខ​ចិត្ត​ស្បថ 25តែ​អ័ប្រា‌ហាំ​គាត់​បន្ទោស​ដល់​អ័ប៊ី‌ម៉្មា‌ឡិច ពី​ដំណើរ​អណ្តូង​ទឹក​ដែល​ពួក​បាវ​ទ្រង់​បាន​ដណ្តើម​យក 26អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ការ​នោះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ឥត​បាន​ឮ​អ្វី​ឡើយ ដរាប​ដល់​ថ្ងៃ​នេះ 27អ័ប្រា‌ហាំ​គាត់​យក​ចៀម​នឹង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក 28អ័ប្រា‌ហាំ​គាត់​ដាក់​កូន​ចៀម​៧​ដោយ​ខ្លួន 29នោះ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​ថា កូន​ចៀម​៧​ដែល​អ្នក​ដាក់​ដោយ​ខ្លួន​នេះ តើ​មាន​ន័យ​ដូច​ម្តេច 30គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ 31ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង 32គឺ​យ៉ាង​នោះ​ហើយ​ដែល​បាន​តាំង​សញ្ញា​នឹង​គ្នា នៅ​ត្រង់​បៀរ-សេបា រួច​ហើយ​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​ក្រោក​ឡើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ​ទៅ។
33ឯ​អ័ប្រា‌ហាំ​គាត់​ដាំ​ដើម​ឈើ​១ នៅ​ត្រង់​បៀរ-សេបា ហើយ​នៅ​ទី​នោះ គាត់​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​‌កល្ប​ជានិច្ច 34រួច​គាត់​សំចត​នៅ​ស្រុក​ភីលីស្ទីន​នោះ​ជា​យូរ​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy