YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 12

12
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯងចុះ 2អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង‌ឡាយ 3អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្តាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្តាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង 4អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឡុត​ក៏​ទៅ​ជា​មួយ​ដែរ កាល​អាប់រ៉ាម​ចេញ​ពី​ខារ៉ាន​ទៅ នោះ​គាត់​អាយុ​បាន​៧៥​ឆ្នាំ​ហើយ 5ក៏​យក​សារ៉ាយ​ជា​ប្រពន្ធ នឹង​ឡុត​ជា​ក្មួយ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​បាន​ប្រមូល​ទុក នឹង​មនុស្ស​ទាំង​អស់​ដែល​បាន កាល​នៅ​ខារ៉ាន​ផង នាំ​គ្នា​ចេញ​ពី​ទី​នោះ ដើម្បី​ទៅ​ឯ​ស្រុក​កាណាន ក៏​ចូល​ទៅ​ក្នុង​ស្រុក​នោះ។
6អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​១​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ 7ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ 8គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច នឹង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា 9អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។
10នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់ 11កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ 12កាល​ណា​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ឯង នោះ​ក្រែង​គេ​នឹង​និយាយ​ពី​ឯង​ថា​ជា​ប្រពន្ធ​អញ រួច​គេ​នឹង​សំឡាប់​អញ​ទៅ ហើយ​ទុក​ឯង​ឲ្យ​រស់​នៅ​វិញ 13ដូច្នេះ ចូរ​ឯង​ប្រាប់​គេ​ថា ឯង​ជា​ប្អូន​អញ​ទេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​នឹង​អញ​ដោយ​ព្រោះ​ឯង ហើយ​ឲ្យ​អញ​មាន​ជីវិត​រស់​នៅ​ដោយ‌សារ​ឯង​ផង។
14កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន 15ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​ពី​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ‌រាជ‌ដំណាក់​ទៅ 16ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង 17តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ផារ៉ោន នឹង​អស់​ពួក​ព្រះ‌រាជ‌ដំណាក់​កើត​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម 18រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​ឯង 19ម្តេច​ក៏​ឯង​ថា​ជា​ប្អូន​វិញ ដើម្បី​បើក​ឱកាស​ឲ្យ​អញ​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ នេះ​នែ​ប្រពន្ធ​ឯង​ហើយ ចូរ​យក​នាង​ទៅ​វិញ​ឥឡូវ ហើយ​ចេញ​ទៅ​ចុះ 20ផារ៉ោន​ក៏​បង្គាប់​ដល់​ពួក​ទ្រង់​ពី​ដំណើរ​គាត់ ហើយ​គេ​បញ្ជូន​គាត់ ព្រម​ទាំង​ប្រពន្ធ នឹង​របស់​ទ្រព្យ​គាត់​ទាំង​អស់​ឲ្យ​ចេញ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy