YouVersion Logo
Search Icon

កាឡា‌ទី 4

4
1ខ្ញុំ​និយាយ​ដូច្នេះ​ថា កាល​អ្នក ដែល​ត្រូវ​គ្រង​មរដក នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បំរើ​ប៉ុន្មាន​ទេ ទោះ​បើ​ជា​ម្ចាស់​លើ​ទាំង​អស់​ក៏​ដោយ 2ដ្បិត​ត្រូវ​នៅ​ក្នុង​អំណាច​ភីលៀង នឹង​អ្នក​ត្រួត‌ត្រា ដរាប​ដល់​វេលា ដែល​ឪពុក​បាន​កំណត់​ជា​មុន 3ឯ​យើង​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង​នៅ​ឡើយ នោះ​យើង​ត្រូវ​ជាប់​ចំណង ក្នុង​អំណាច​នៃ​អស់​ទាំង​បថម​សិក្សា​របស់​លោកីយ 4តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ‌ទ្រង់​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រិត្យ‌វិន័យ 5ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រិត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម 6ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ‌ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរ‌បិតា​អើយ 7ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ 8នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បំរើ​ដល់​អស់​ទាំង​របស់ ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ 9តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្តង​ទៀត​នោះ 10អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ នឹង​ឆ្នាំ​ផ្សេងៗ 11ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។
12បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ 13តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្ដី​កំសោយ​ខាង​សាច់​ឈាម 14ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្ដី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង 15ដូច្នេះ សេចក្ដី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន 16ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្ដី​ពិត​ឬ​អី 17គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ 18គួរ​ឲ្យ​មាន​សេចក្ដី​សង្វាត​ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ 19កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់‌ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះ‌គ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង 20ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។
21អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​ថា​ទេ​ឬ​អី 22ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា 23តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្ដី​សន្យា​វិញ 24នោះ​ជា​សេចក្ដី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ​ជា​គំរូ​ពី​សេចក្ដី​សញ្ញា​២​ច្បាប់ មួយ​មក​ពី​ភ្នំ​ស៊ី‌ណាយ ក៏​បង្កើត​សភាព​ជា​បាវ​បំរើ នោះ​គឺ​ជា​នាង​ហាការ 25ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ី‌ណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បំរើ​ជា​មួយ​នឹង​កូន​ចៅ​ផង 26តែ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ស្ថាន​លើ នោះ​ជា​ស្រី​អ្នក​ជា​វិញ ដែល​ជា​ម្តាយ​យើង​ទាំង​អស់​គ្នា 27ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សំរាល​អើយ ចូរ​ធ្លាយ​សំរែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្ដី​ទៅ​ហើយ» 28តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ 29តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ 30តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ» 31ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy