អេសេគាល 7
7
1ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា 2ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលនឹងស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំង៤ទិសហើយ 3ពេលនេះជាចុងបំផុតរបស់ឯងពិត អញនឹងចាត់សេចក្ដីកំហឹងរបស់អញទៅលើឯង ហើយនឹងជំនុំជំរះឯងតាមគ្រប់ទាំងអំពើរបស់ឯង ព្រមទាំងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯង មកលើឯងផង 4ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តាដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
5ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មានការអាក្រក់ គឺការអាក្រក់តែ១ មើល ការនោះកំពុងតែមកហើយ 6ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ 7ឱអ្នកស្រុកអើយ កំណត់ឯងបានមកដល់ហើយ ពេលក៏បានមក ថ្ងៃនោះជិតដល់ គឺជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសំរែកដោយអំណរនៅលើភ្នំទេ 8ឥឡូវនេះ អញហៀបនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើឯង ហើយនឹងសំរេចសេចក្ដីកំហឹងរបស់អញដល់ឯង អញនឹងជំនុំជំរះឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយនឹងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯងទៅលើឯងផង 9ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
10មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបង បានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង 11សេចក្ដីច្រឡោតបានដុះឡើង ជាដំបងនៃសេចក្ដីអាក្រក់ ឥតមានពួកគេណា ឬពួកទ័ពកកកុញរបស់គេ ឬទ្រព្យសម្បត្តិរបស់គេណាបានរួចឡើយ ក៏នឹងគ្មានអ្នកណាសោកស្រណោះដល់គេដែរ 12ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ កុំបីឲ្យអ្នកដែលទទួលបញ្ចាំ បានអរសប្បាយ ឬអ្នកដែលលក់បញ្ចាំឲ្យគេ បានស្តាយឡើយ ដ្បិតសេចក្ដីក្រោធបានមកលើអស់ទាំងពួកកកកុញនេះហើយ 13ឯអ្នកដែលបញ្ចាំ ទោះបើបានគង់ជីវិតនៅក៏ដោយ គង់តែមិនត្រឡប់ទៅឯធនធាន ដែលបានបញ្ចាំ វិញនោះទេ ដ្បិតការជាក់ស្តែងនេះដំរូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
14គេបានផ្លុំត្រែ ហើយទាំងអស់បានរៀបជាស្រេច តែគ្មានអ្នកណាចេញទៅតស៊ូឡើយ ដ្បិតសេចក្ដីក្រោធរបស់អញ គ្របសង្កត់លើពួកទ័ពកកកុញរបស់គេទាំងអស់ 15ឯខាងក្រៅ មានដាវ ហើយខាងក្នុង មានអាសន្នរោគ នឹងអំណត់អត់ អ្នកណាដែលនៅឯវាល នឹងត្រូវស្លាប់ដោយដាវ ហើយអ្នកដែលនៅក្នុងទីក្រុង នោះអំណត់អត់ នឹងអាសន្នរោគនឹងលេបគេទៅ 16តែពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនឹងនៅលើភ្នំដូចជាព្រាបនៃច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់រៀងខ្លួន 17មនុស្សទាំងអស់នឹងខ្សោយដៃ ហើយជង្គង់គ្រប់គ្នានឹងទន់ដូចជាទឹក 18គេនឹងស្លៀកសំពត់ធ្មៃ ហើយនឹងមានសេចក្ដីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្ដីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា 19គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់ នឹងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន 20ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម នឹងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ 21អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា នឹងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ 22អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ នឹងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
23ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកំចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្ដីច្រឡោត 24ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេនឹងត្រូវអាប់ឱនចុះ 25មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែនឹងគ្មានសោះ 26សេចក្ដីវិនាសនឹងមកខ្ជាន់ៗ ហើយនឹងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្ដីប្រឹក្សាពីពួកចាស់ទុំទៅដែរ 27ឯស្តេច ទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្ដីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជំរះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។
Currently Selected:
អេសេគាល 7: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.