២ សាំយូអែល 2
2
1ក្រោយនោះមក ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅក្នុងទីក្រុង របស់ស្រុកយូដាណាមួយឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឡើងទៅចុះ រួចដាវីឌទូលសួរថា តើឲ្យទូលបង្គំឡើងទៅឯណា ទ្រង់មានបន្ទូលថា ចូរទៅឯហេប្រុនចុះ 2ដូច្នេះដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល 3ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច លើជនជាតិរបស់ខ្លួននៅទីនោះ។
4មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត 5នោះដាវីឌទ្រង់ចាត់សារ ឲ្យទៅឯពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា សូមឲ្យព្រះយេហូវ៉ាទ្រង់ប្រទានពរដល់អ្នករាល់គ្នាចុះ ពីព្រោះអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរសដល់សូល ជាចៅហ្វាយនៃអ្នក ដោយបញ្ចុះអដ្ឋិទ្រង់ 6ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាទ្រង់សំដែងសេចក្ដីសប្បុរស ហើយនឹងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងសងដល់អ្នករាល់គ្នា ដោយព្រោះការសប្បុរសនោះដែរ 7ដូច្នេះ សូមឲ្យអ្នករាល់គ្នាមានកំឡាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតសូល ជាចៅហ្វាយនៃអ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀតពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ។
8រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម 9ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម នឹងពួកបេនយ៉ាមីន ហើយនឹងលើពួកអ៊ីស្រាអែលទាំងអស់ 10ឯអ៊ីស-បូសែត ជាបុត្រាសូលនេះ ទ្រង់មានព្រះជន្ម៤០ឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបាន២ឆ្នាំ តែពួកជនជាតិយូដា គេប្រតិបត្តិតាមដាវីឌវិញ 11ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បាន៧ឆ្នាំ៦ខែ។
12ឯអ័ប៊ីនើរ ជាកូននើរ នឹងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន 13ហើយយ៉ូអាប់ ជាកូនសេរូយ៉ា នឹងពួកខាងដាវីឌ ក៏ចេញទៅប្រទះគ្នា នៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងពួក១ ម្ខាងពួក១ 14នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា ចូរឲ្យពួកកំឡោះៗក្រោកឡើងលេងគ្នានៅមុខយើងទៅ យ៉ូអាប់ក៏ឆ្លើយថា ចូរឲ្យគេក្រោកឡើងចុះ 15នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមាន១២នាក់ដំណាងខាងពួកបេនយ៉ាមីន នឹងអ៊ីស-បូសែតជាបុត្រាសូល ហើយ១២នាក់ដំណាងខាងពួកដាវីឌ 16គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះគេហៅទីនោះថា ហេលកាត-ហាស៊ូរីម ទីនោះនៅត្រង់គីបៀន 17រួចនៅថ្ងៃនោះ ចំបាំងក៏សាហាវណាស់ ហើយអ័ប៊ីនើរ នឹងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃនៃពួកខាងដាវីឌ។
18រីឯយ៉ូអាប់ អ័ប៊ីសាយ នឹងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ 19គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ 20នោះអ័ប៊ីនើរក៏ក្រឡេកមើលមកក្រោយ សួរថា តើឯងឬអីអេសាអែលអើយ គាត់ឆ្លើយថា គឺអញនេះហើយ 21ដូច្នេះអ័ប៊ីនើរប្រាប់គាត់ថា ចូរឯងបែរទៅខាងស្តាំឬខាងឆ្វេង ដើម្បីនឹងចាប់កំឡោះណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ 22អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា ចូរឯងបែរចេញលែងតាមអញទៅ ត្រូវឲ្យអញវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះធ្វើដូចម្តេចឲ្យអញបានងើបមុខនៅចំពោះយ៉ូអាប់ជាបងឯងបាន 23ប៉ុន្តែគាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។
24យ៉ូអាប់ នឹងអ័ប៊ីសាយ គេចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច 25ចំណែកពួកខាងបេនយ៉ាមីន គេមូលផ្តុំគ្នាជាពួក១នឹងអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំ១ 26នោះអ័ប៊ីនើរក៏ស្រែកហៅទៅយ៉ូអាប់ថា តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរាបដរាបឬ តើមិនដឹងទេឬអី ថាដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់ ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពល ឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ 27យ៉ូអាប់ឆ្លើយថា ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ នោះដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មាន បានចេញទៅលែងដេញតាមបងប្អូនគេរៀងខ្លួនហើយ 28ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នឹងនៅ គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ 29ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។
30យ៉ូអាប់ក៏វិលត្រឡប់មក ពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែ១៩នាក់ ហើយនឹងអេសាអែលប៉ុណ្ណោះ 31តែពួកពលរបស់ដាវីឌ បានវាយសំឡាប់ខាងពួកបេនយ៉ាមីន នឹងពួកអ័ប៊ីនើរអស់៣៦០នាក់ 32រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ព្រមទាំងពួកលោកក៏ដើរពេញ១យប់នោះ មកដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
Currently Selected:
២ សាំយូអែល 2: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.