១ ពេត្រុស 5:6-14
១ ពេត្រុស 5:6-14 ពគប
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។ ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច សូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ច ជារៀងរាបតទៅ អាម៉ែន។ ខ្ញុំបានសរសេរយ៉ាងខ្លី ផ្ញើមកអ្នករាល់គ្នា ដោយសារអ្នកស៊ីលវ៉ាន ដែលខ្ញុំរាប់ទុកជាបងប្អូនស្មោះត្រង់ពិត ដើម្បីនឹងទូន្មាន ហើយធ្វើបន្ទាល់ថា ព្រះគុណនៃព្រះដែលអ្នករាល់គ្នាកាន់ខ្ជាប់តាម នោះជាព្រះគុណពិតប្រាកដហើយ ពួកជំនុំនៅក្រុងបាប៊ីឡូន ដែលទ្រង់បានរើសតាំងជាមួយនឹងអ្នករាល់គ្នាដែរ ព្រមទាំងអ្នកម៉ាកុស ជាកូនខ្ញុំផង គេជំរាបសួរមកអ្នករាល់គ្នា សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់ សូមឲ្យអ្នករាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ។ អាម៉ែន។:៚