១ របាក្សត្រ 19
19
1ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស 2នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសំដែងសេចក្ដីសប្បុរសដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកំសាន្តទុក្ខទ្រង់ 3ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ 4ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ 5មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន នឹងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចំបាំង នឹងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា នឹងពីស្រុកសូបាមកជួយ 7យ៉ាងនោះ គេជួលបានរទេះ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា នឹងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូន ក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង 8កាលដាវីឌបានជ្រាប នោះទ្រង់ចាត់យ៉ូអាប់ នឹងពួកពលទ័ពខ្លាំងពូកែទាំងអស់ ឲ្យចេញទៅ 9ពួកកូនចៅអាំម៉ូន ក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅឯវាលដោយខ្លួន។
10រីឯយ៉ូអាប់ កាលឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏យកពួកជ្រើសរើស ក្នុងពួកអ៊ីស្រាអែល ដាក់ឲ្យដំរៀបគ្នាតនឹងពួកស៊ីរី 11ឯបណ្តាទ័ពដែលសល់ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏ដំរៀបគ្នាតនឹងពួកកូនចៅអាំម៉ូន 12លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ 13ចូរយើងមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង នឹងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាទ្រង់សំរេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ 14ដូច្នេះ យ៉ូអាប់ នឹងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ 15កាលពួកកូនចៅអាំម៉ូនឃើញថា ពួកស៊ីរីបានបាក់ទ័ពហើយ នោះគេក៏រត់ពីមុខអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ដែរ នាំគ្នាចូលទៅក្នុងទីក្រុង រួចយ៉ូអាប់ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
16កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូត ឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ មានសូបាក ជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ 17កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់ 18តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសំឡាប់ពួកទ័ពស៊ីរី ដែលនៅរទេះចំបាំងអស់៧ពាន់ នឹងពលថ្មើរជើង៤ម៉ឺននាក់ ក៏សំឡាប់សូបាក ជាមេទ័ពដែរ 19កាលពួកពលទ័ពរបស់ហាដារេស៊ើរបានឃើញថា គេចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏តាំងមេត្រីនឹងដាវីឌ ហើយចំណុះទ្រង់ ដូច្នេះ ពួកស៊ីរីមិនព្រមជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
Currently Selected:
១ របាក្សត្រ 19: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.