ណាពីសេផានាស 1
1
1នេះជាបន្ទូល ដែលអុលឡោះតាអាឡាថ្លែងមកកាន់សេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលស្តេចយ៉ូសៀស ជាបុត្ររបស់ស្តេចអាំម៉ូន ស្ដេចស្រុកយូដា។
បន្ទូលរបស់អុលឡោះព្រមានស្រុកយូដា និងក្រុងយេរូសាឡឹម
2 អុលឡោះតាអាឡាមានបន្ទូលថា៖
«យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី
3យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ
យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ
ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។
យើងនឹងកំទេចអ្វីៗដែលនាំឲ្យ
មនុស្សអាក្រក់ជំពប់ដួល
ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
4យើងនឹងលើកដៃប្រហារស្រុកយូដា
និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម
យើងនឹងកំទេចអ្វីៗដែលគេនៅតែប្រើប្រាស់
សម្រាប់គោរពព្រះបាល
ព្រមទាំងលែងឲ្យមាននរណានឹកនាដល់
ពួកអាចារ្យ និងពួកបូជាចារ្យរបស់
ព្រះនោះទៀត។
5យើងក៏កំទេចអស់អ្នកដែលឡើងលើផ្ទះ
ដើម្បីថ្វាយបង្គំផ្កាយ
ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង
ហើយស្បថក្នុងនាមយើងជាអុលឡោះតាអាឡាផង
ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
6យើងនឹងកំទេចអស់អ្នកដែលងាកចេញពីយើង
ជាអុលឡោះតាអាឡា អស់អ្នកដែលមិនស្វែងរកយើង
ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
ថ្ងៃរបស់អុលឡោះតាអាឡា
7ចូរស្ងៀមស្ងាត់ចំពោះអុលឡោះតាអាឡាជាម្ចាស់
ដ្បិតថ្ងៃរបស់អុលឡោះតាអាឡានៅជិតបង្កើយហើយ។
អុលឡោះតាអាឡាបានរៀបចំគូរបាន
ទ្រង់ជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀង
ឲ្យបានបរិសុទ្ធហើយ។
8«នៅថ្ងៃធ្វើគូរបាន យើងនឹងដាក់ទោស
ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច
ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម
សាសន៍ដទៃ។
9នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែល
លោតពីលើក្របទ្វារម៉ាស្ជិទ តាមរបៀប
សាសន៍ដទៃ។
យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្ត
អំពើឃោរឃៅ និងកលល្បិច
ពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
10នៅថ្ងៃនោះនឹងមានឮសំរែកលេចចេញពីទ្វារមច្ឆា
សំរែកយំសោកលេចឮពីជាយក្រុងម្ខាង
ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង
នៅតាមភ្នំ។
11ប្រជាជននៅផ្សារក្រោមអើយ
ចូរនាំគ្នាស្រែកយំទៅ!
ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយ
ពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។
12នៅគ្រានោះ យើងនឹងកាន់ចន្លុះ
រុករកអស់អ្នកដែលយើងត្រូវដាក់ទោស
នៅក្រុងយេរូសាឡឹម។
អ្នកទាំងនោះសម្ងំ ហើយគិតថា “អុលឡោះតាអាឡា
មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
13ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក
ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។
ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេ
ពួកគេដាំទំពាំងបាយជូរ
តែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។
14ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់អុលឡោះតាអាឡា
នៅជិតបង្កើយហើយ
ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។
ថ្ងៃដែលអុលឡោះតាអាឡាមក
គេនឹងស្រែកយំយ៉ាងជូរចត់
សូម្បីតែទាហានដ៏អង់អាច
ក៏ស្រែកហៅគេជួយដែរ។
15ថ្ងៃនោះជាថ្ងៃទ្រង់ខឹងយ៉ាងខ្លាំង
ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់
ជាថ្ងៃមហន្តរាយ និងហិនវិនាស
ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ
ជាថ្ងៃដែលមានពពក ងងឹតអាប់អួ
16ជាថ្ងៃដែលឮសំឡេងស្នែង
និងសំរែកសឹកសង្គ្រាមវាយយកក្រុង
ដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។
17ទ្រង់នឹងធ្វើឲ្យមនុស្សលោកវេទនា
ពួកគេនឹងដើរដូចមនុស្សខ្វាក់
ដ្បិតពួកគេប្រព្រឹត្តអំពើបាប
ទាស់នឹងបំណងរបស់អុលឡោះតាអាឡា
ឈាមរបស់ពួកគេនឹងខ្ចាយ
ទៅគ្រប់ទីកន្លែងដូចធូលីដី
សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
18នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង
ប្រាក់ ឬមាសពុំអាចរំដោះពួកគេបានទេ។
ផែនដីទាំងមូលនឹងត្រូវរលាយ
ដោយសារភ្លើងនៃកំហឹងរបស់អុលឡោះតាអាឡា។
ពេលទ្រង់លុបបំបាត់មនុស្សទាំងអស់ពីផែនដី
ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
Kasalukuyang Napili:
ណាពីសេផានាស 1: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.