ណាពីណាហ៊ូម 3
3
1វេទនាហើយ
ក្រុងដែលប្រឡាក់ដោយឈាម
ហើយមានការកុហក អំពើឃោរឃៅ
និងការលួចប្លន់គ្រប់ទីកន្លែង។
2ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំង
ទ័ពសេះបោលយ៉ាងលឿន
រទេះចំបាំងបោះពួយទៅមុខ។
3កងទ័ពសេះវាយសំរុកចូលមក
មុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេក
ប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង
សាកសពគរលើគ្នា។
ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា
ដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។
4ហេតុការណ៍នេះកើតមាន
ព្រោះតែអំពើពេស្យាចាររបស់ក្រុងនីនីវេ
ដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាត
ហើយពូកែដាក់ស្នេហ៍។
នាងបង្ក្រាបប្រជាជាតិ និងកុលសម្ព័ន្ធនានា
ដោយអំពើពេស្យាចារ និងស្នេហ៍របស់នាង។
5នីនីវេអើយ យើងប្រឆាំងនឹងនាងហើយ!
យើងនឹងលាត់សំពត់នាងឡើងរហូតដល់ក្បាល
យើងនឹងឲ្យប្រជាជាតិនានាឃើញ
កេរខ្មាសរបស់នាង
និងឲ្យនគរទាំងឡាយឃើញ
ភាពអាម៉ាស់របស់នាង។
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
6យើងនឹងបោះសំរាមលើនាង
យើងនឹងឲ្យនាងធ្លាក់ក្នុងភក់ជ្រាំ
ទុកជាការព្រមានដល់អ្នកឯទៀតៗ។
7ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយ
ទាំងពោលថា:
“នីនីវេវិនាសហើយ គ្មាននរណាអាណិតនាង
គ្មាននរណាសំរាលទុក្ខនាងទេ!”។
8នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូន
ជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញ
ព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។
9ស្រុកអេត្យូពី និងស្រុកអេស៊ីប
ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ
រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី
ក៏ជាបរិវាររបស់គេដែរ។
10ទោះបីយ៉ាងនេះក្ដី ក៏នរ-អាម៉ូន
ត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។
ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ
ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា
មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
11ចំណែកឯនាងវិញក៏ដូច្នោះដែរ
នាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់
នាងនឹងស្វែងរកកន្លែងពួន
ឲ្យរួចផុតពីខ្មាំងសត្រូវ។
12បន្ទាយទាំងប៉ុន្មានរបស់នាង
ប្រៀបបីដូចជាផ្លែឧទុម្ពរទុំ
ពេលគេអង្រួនដើមវា
ផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែល
ចង់បរិភោគ។
13កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ
ទ្វារកំពែងរបស់នាងនឹងបើកចំហ
ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
14ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅ
ដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ!
ចូរជួសជុលកំពែងក្រុង
ចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋ
និងរៀបចំឡដុតឥដ្ឋឡើងវិញ។
15ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើង
អ្នកនឹងស្លាប់ដោយមុខដាវ
ដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។
ចូរប្រមូលផ្ដុំគ្នាដូចដង្កូវ
ចូរប្រមូលផ្ដុំគ្នាដូចចង្រិត!
16ពួកជំនួញរបស់អ្នកមានចំនួនច្រើន
ជាងផ្កាយនៅលើមេឃទៅទៀត
ពួកគេប្រៀបដូចជាចង្រិតត្រដាងស្លាប
ហើរចេញទៅ។
17នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូប
ពួករាជការរបស់អ្នកមានចំនួនច្រើន
ដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះ
នៅពេលរងា។
ពេលថ្ងៃរះវាហើរទៅបាត់អស់
គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។
18ស្ដេចស្រុកអាស្ស៊ីរីអើយ
មេទ័ពរបស់អ្នកស្លាប់បាត់អស់ហើយ
នាយទាហានរបស់អ្នកក៏លែងកំរើករហូត
កងពលរបស់អ្នកខ្ចាត់ព្រាត់ទៅនៅតាមភ្នំ
គ្មាននរណាប្រមូលផ្ដុំពួកគេឡើយ។
19គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេ
ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។
អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក
នឹងនាំគ្នាទះដៃអរ
ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ
អំពើឃោរឃៅរបស់អ្នក។
Kasalukuyang Napili:
ណាពីណាហ៊ូម 3: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.